ក្រុមមន្ត្រីបាននិយាយថា ប្រមុខយោធាមកពីសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ (២១ សីហា) បានបង្ហាញជម្រើសជូនទីប្រឹក្សាសន្តិសុខជាតិរបស់ពួកគេរៀងៗខ្លួនសម្រាប់ការធានាសន្តិសុខដល់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ និយាយថា ក្រុមរៀបចំផែនការរបស់អាមេរិក និងអឺរ៉ុប បានបង្កើតជម្រើសយោធាមួយចំនួនសម្រាប់យកទៅ "ពិចារណាយ៉ាងសមស្រប" ដោយទីប្រឹក្សាសន្តិសុខជាតិសម្ព័ន្ធមិត្ត។

ជំហាននេះបានកើតឡើងបន្ទាប់ពីការសន្យារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការជួយការពារអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្រ្គាមជាង ៣ឆ្នាំកន្លះរបស់រុស្ស៊ី។ ប្រភពដែលដឹងបញ្ហានេះនិយាយថា ព័ត៌មានលម្អិតចុងក្រោយនៅតែត្រូវការការសម្រេចចិត្តនៅឡើយ ប៉ុន្តែបណ្តាប្រទេសអឺរ៉ុប នឹងទទួលបន្ទុក "ដ៏ធំសម្បើម" នៃកងកម្លាំងណាមួយដែលពាក់ព័ន្ធនឹងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។
ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា ជម្រើសមួយក្នុងចំណោមនោះគឺការបញ្ជូនកម្លាំងអ៊ឺរ៉ុបទៅអ៊ុយក្រែន ប៉ុន្តែដាក់ឱ្យអាមេរិកជាអ្នកទទួលបន្ទុកបញ្ជា និងគ្រប់គ្រងកម្លាំងទាំងនោះ។ ចំណែកជំនួយផ្លូវអាកាសរបស់អាមេរិក អាចកើតមានតាមវិធីផ្សេងៗគ្នា រួមទាំងការផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតដល់អ៊ុយក្រែន និងពង្រឹងតំបន់គ្មានការហោះហើរជាមួយយន្តហោះចម្បាំងអាមេរិកជាដើម។
លោកអនុប្រធានអាមេរិក JD Vance បានប្រាប់ឱ្យដឹងកាលពីថ្ងៃពុធរួចមកហើយថា អឺរ៉ុបនឹងត្រូវរែកពន់ "បន្ទុកដ៏ធំសម្បើម" នៃការចំណាយលើប្រតិបត្តិការធានាសន្តិសុខអ៊ុយក្រែននេះ។ ចំណែកលោក Trump វិញក៏បញ្ជាក់ហើយថា លោកនឹងមិនដាក់ទ័ពអាមេរិកនៅអ៊ុយក្រែនទេ ប៉ុន្តែបង្ហើបពីលទ្ធភាពនៃការចូលរួមផ្នែកយោធាផ្សេងទៀតរបស់អាមេរិក រួមទាំងការគាំទ្រផ្លូវអាកាសផងដែរ៕

