នៅក្នុងជ័យជម្នះដ៏ធំមួយសម្រាប់លោកប្រធានាធីបតីអាមេរិក Donald Trump តុលាការឧទ្ធរណ៍របស់រដ្ឋញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ (២១ សីហា) បានសម្រេចលុបចោលនូវការពិន័យជាទឹកប្រាក់យ៉ាងច្រើនដល់ទៅកន្លះពាន់លានដុល្លារអាមេរិក ជុំវិញសំណុំរឿងក្លែងបន្លំឯកសារប្រឆាំងនឹងរូបលោក ដែលអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិករូបនេះទទួលបានជោគជ័យផ្នែកច្បាប់ដ៏ធំបំផុតមួយ។

គួររម្លឹកថា ចៅក្រមជំនុំជម្រះក្ដីមួយរូបបានបញ្ជាឱ្យមានការពិន័យជាទឹកប្រាក់សរុបបន្តបន្ទាប់ជាង ៥០០លានដុល្លារ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីរកឃើញថាមានការក្លែងបន្លំឯកសារ និងបំប៉ោងតម្លៃនៃទ្រព្យសម្បត្តិដើម្បីជំរុញអាជីវកម្មគ្រួសាររបស់លោក។

លោក Trump តែងបដិសេធជាប់រហូតថាលោកមិនបានធ្វើខុសអ្វីទេ ហើយក្រុមមេធាវីរបស់លោកក៏បានប្រកែកថា កំហុសណាមួយក្នុងការរាយការណ៍ទ្រព្យសម្បត្តិទៅឱ្យអ្នកផ្តល់ប្រាក់កម្ចី និងដៃគូអាជីវកម្មបែបនេះ គឺមិនសំខាន់គួរឱ្យលើកយកមកនិយាយទាល់តែសោះ ពីព្រោះគ្មាននរណាម្នាក់មានគ្រោះថ្នាក់ឡើយលើរឿងនេះ។
នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បានអបអរ ដោយហៅសេចក្ដីសម្រេចទាត់ចោលប្រាក់ពិន័យនេះថាជា "ជ័យជម្នះទាំងស្រុង" ហើយបានសរសេរបង្ហោះថា៖ "គួរឱ្យគោរពយ៉ាងខ្លាំងចំពោះការពិតដែលថាតុលាការមានភាពក្លាហានក្នុងការបោះចោលសេចក្តីសម្រេចដែលមិនស្របច្បាប់ និងគួរឱ្យអាម៉ាស់នេះ"៕