សង្រ្គាមទ្រង់ទ្រាយធំកំពុងខិតទៅជិតនៅមាត់ទ្វារទីក្រុងហ្កាហ្សា ហើយអ្នកស្រុកនៃទីក្រុងធំជាងគេនៅភាគខាងជើងដែនដីហ្កាហ្សាស្រ្ទីបមួយនេះ — ដែលប្រមូលផ្តុំទៅដោយអ្នកស្រុក និងជនភៀសខ្លួនជិត ១លាននាក់ — បានភ័យខ្លាចថា នោះជាសង្រ្គាមថ្មីមួយទៀត ខណៈពេលវេលាកាន់តែជិតដល់ហើយនៃយុទ្ធនាការរបស់អ៊ីស្រាអែល ក្នុងការចូលកាន់កាប់ក្រុងនេះលេចចេញជារូបរាងពិតប្រាកដ បន្ទាប់ពីការប្រកាសដំណាក់កាលទីមួយ។

មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នាតវ៉ាទ្រង់ទ្រាយតូចមួយកាលពីថ្ងៃព្រហស្បតិ៍ (២១ សីហា) ពីមុខអគារបែកបាក់នៃទីក្រុងដែលរងគ្រោះដោយសង្រ្គាមមួយនេះ ដោយបដិសេធមិនចាកចេញពីផ្ទះសម្បែងរបស់ពួកគេឡើយ មុនពេលការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលចូលមកដល់ ដោយអ្នកខ្លះបានអំពាវនាវឱ្យលោកប្រធានាធិបតីអាមេរិក Donald Trump ធ្វើអន្តរាគមន៍។
ដោយភ័យខ្លាចមានការភៀសខ្លួន និងការទម្លាក់គ្រាប់បែកកាន់តែខ្លាំងជាងមុន ហ្វូងអ្នកស្រុកហ្កាហ្សាជាច្រើនរួមមានបុរស ស្ត្រី និងកុមារបានដើរតាមដងផ្លូវ ដោយគ្រវីទង់ជាតិប៉ាឡេស្ទីន និងកាន់ផ្លាកសញ្ញាសរសេរថា "បញ្ឈប់ការប្រល័យពូជសាសន៍" និង "ហ្កាហ្សាកំពុងតែស្លាប់"។ ជនជាតិប៉ាឡេស្ទីនមួយចំនួននិយាយថា ពួកគេមានអារម្មណ៍ថា "ដូចជាការចាប់ផ្តើមនៃសង្រ្គាមថ្មីមួយទៀតអញ្ចឹង"។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងអនុម័តផែនការយោធា ដើម្បីគ្រប់គ្រងទីក្រុងហ្កាហ្សាទាំងមូល ជាទីដែលលោកនិយាយថា ជាបន្ទាយមួយក្នុងចំណោមបន្ទាយលាក់ខ្លួនចុងក្រោយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស៕

