ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍ (២១ សីហា) បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី ពេញមួយយប់នៅក្នុងផ្នែកផ្សេងៗនៃអ៊ុយក្រែន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងមូស្គូ កំពុងគេចពីការចរចាបញ្ចប់សង្រ្គាមដ៏បង្ហូរឈាម ដែលមានអាយុកាលជាង ៣ឆ្នាំមកនេះ ហើយពុំមានចិត្តចង់បញ្ចប់សង្រ្គាមនោះឡើយ។

លោក Zelenskiy បាននិយាយថា ការវាយលុកនេះរួមមានយានដ្រូនចំនួន ៥៧៤គ្រឿង និងមីស៊ីល ៤០គ្រាប់ ហើយគឺជាប្រតិបត្តិការដ៏ធំបំផុតមួយនៃការវាយលុយរបស់រុស្ស៊ី ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី៤ ហើយ។ អាជ្ញាធរបាននិយាយថា មនុស្សជាច្រើនស្លាប់ និងរបួសក្នុងការប្រហារដ៏ធំនេះ។
គោលដៅជាច្រើនគឺនៅភាគខាងលិចអ៊ុយក្រែន ហើយលោក Zelenskiy បាននិយាយថា ការវាយប្រហារដោយមីស៊ីល បានត្រូវចំក្រុមហ៊ុនអេឡិចត្រូនិកមួយគ្រប់គ្រងដោយសហរដ្ឋអាមេរិក ដែលជាការចង្អុលបង្ហាញ "ប្រាប់" យ៉ាងច្បាស់ពីចេតនារបស់រុស្ស៊ី ក្នុងគំនិតផ្តួចផ្តើមសន្តិភាពដែលដឹកនាំដោយអាមេរិក។ ថ្លែងក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskiy លើកឡើងថា "ឥឡូវនេះសញ្ញាពីរុស្ស៊ីសាមញ្ញណាស់ គឺថាពួកគេកំពុងព្យាយាមដកថយពីតម្រូវការរៀបចំកិច្ចប្រជុំ ពួកគេមិនចង់បញ្ចប់សង្រ្គាមទេ ពួកគេចង់វាយប្រហារទ្រង់ទ្រាយធំបន្តទៅទៀត"។
រុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយលើការអះអាងរបស់លោក Zelenskiy ដែលថាយោធារបស់ខ្លួនមានចេតនាវាយប្រហារទីតាំងដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែទីក្រុងមូស្គូ បានបដិសេធថាខ្លួនមិនកំណត់គោលដៅទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះឡើយ៕

