ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (២១ សីហា) បានដាក់ចេញនូវទណ្ឌកម្មបន្ថែមទៀតទាក់ទងនឹងប្រទេសអ៊ីរ៉ង់ ដោយផ្តោតលើអង្គភាពចំនួន ១៣ស្ថាប័ន ក៏ដូចជានាវាចំនួន ៨គ្រឿងផងដែរ។

វិធានការនេះក៏បានគ្របដណ្តប់ជនជាតិក្រិកម្នាក់ឈ្មោះ Antonios Margaritis និងបណ្តាញក្រុមហ៊ុន និងនាវារបស់លោក ដែលក្រសួងរតនាគារបាននិយាយថា មានជាប់ពាក់ព័ន្ធក្នុងការដឹកជញ្ជូនការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដោយរំលោភលើទណ្ឌកម្ម។

ទណ្ឌកម្មថ្មីនេះកើតឡើងស្របពេលអ៊ីរ៉ង់ បានផ្អាកកិច្ចពិភាក្សាជាមួយក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ិស្លាមមួយនេះ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល វាយប្រហារទីតាំងនុយក្លេអ៊ែររបស់ខ្លួនកាលពីខែមិថុនា។ អ៊ីរ៉ង់ បានបដិសេធថាខ្លួនពុំមានបំណងបង្កើតគ្រាប់បែកអាតូមិកនោះឡើយ។
ប្រមុខការទូតរបស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធថា ពេលវេលាសម្រាប់កិច្ចចរចានុយក្លេអ៊ែរ "ប្រកបដោយប្រសិទ្ធភាព" ជាមួយសហរដ្ឋអាមេរិក មិនទាន់មកដល់នៅឡើយទេ ដោយបន្ថែមថា អ៊ីរ៉ង់ ក៏នឹងមិនកាត់ផ្តាច់ទាំងស្រុងនូវកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនោះដែរ៕