សហភាពអ៊ឺរ៉ុប កំពុងទទួលរងគ្រោះពីរដូវកាលចំហេះព្រៃដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងកំណត់ត្រា ដែលមានផ្ទៃដីទំហំលើសពី ១លានហិកតា ត្រូវបានដុតបំផ្លាញ កាលពីថ្ងៃព្រហស្បតិ៍ (២១ សីហា)។

ទិន្នន័យពីប្រព័ន្ធព័ត៌មានចំហេះព្រៃប្លុកអឺរ៉ុប EFFIS ដែលវិភាគដោយសារព័ត៌មាន POLITICO បង្ហាញថា អណ្ដាតភ្លើងបានឆាបឆេះផ្ទៃដី ១.០១៦.០០០ហិកតា ដែលជាផ្ទៃដីធំជាងប្រទេសស៊ីបទៅទៀត ឬប្រហែលមួយភាគបីនៃទំហំប្រទេសបែលហ្ស៊ិក ចាប់តាំងពីខែមករា ឆ្នាំ២០២៥នេះមក។
នេះជាលើកទីមួយហើយដែល ប្លុកអឺរ៉ុបឈានដល់ចំណុចសំខាន់ ១លានហិកតា ចាប់តាំងពីប្រព័ន្ធតាមដានចំហេះ EFFIS បានចាប់ផ្តើមរក្សាកំណត់ត្រាក្នុងឆ្នាំ២០០៦មក។ រដូវចំហេះព្រៃដ៏អាក្រក់បំផុតពីមុនគឺក្នុងឆ្នាំ២០១៧ ដែលមានត្រឹមតែផ្ទៃដីក្រោម ៩៨៨.០០០ហិកតា ប៉ុណ្ណោះត្រូវដុតបំផ្លាញ។
ជិតពីរភាគបីនៃការខួចខាតបានកើតឡើងចាប់តាំងពីថ្ងៃទី៥ ខែសីហា នៅពេលដែលប្រព័ន្ធ EFFIS បង្ហាញថា មានតែផ្ទៃដី ៣៨០.០០០ហិកតា ដែលត្រូវបានដុតបំផ្លាញនៅមុនពេលវេលានោះ ហើយចំហេះភាគច្រើនបានកើតឡើងនៅឧបទ្វីបអ៊ីបេរី។
អេស្ប៉ាញ ហាក់រងគ្រោះខ្លាំងជាងគេដោយមានផ្ទៃដីជាង ៤០០.០០០ហិកតា ត្រូវបានភ្លើងឆេះ ខណៈនៅព័រទុយហ្គាល់ អណ្តាតភ្លើងលេបត្របាក់ជាង ២៧០.០០០ហិកតា ឬស្មើនឹង ៣% នៃទឹកដីទាំងមូលរបស់ប្រទេសនេះ។ អ្នកវិទ្យាសាស្រ្តព្រមានថា បម្រែបម្រួលអាកាសធាតុកំពុងធ្វើឱ្យហានិភ័យចំហេះព្រៃកាន់តែខ្លាំងក្លា ដោយនាំមកនូវរលកកម្ដៅ និងគ្រោះរាំងស្ងួតកាន់តែញឹកញាប់ និងខ្លាំងឡើង៕

