ប្រទេសលីបង់ បានចាប់ផ្តើមផែនការដើម្បីឲ្យក្រុមប៉ាឡេស្ទីនរំសាយអាវុធនៅក្នុងជំរំជនភៀសខ្លួនរបស់ខ្លួន ដោយចាប់ផ្តើមការប្រគល់អាវុធពីជំរំ Burj al-Barajneh ក្នុងទីក្រុងបេរូត។

ការិយាល័យនាយករដ្ឋមន្ត្រី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្ទេរអាវុធទៅឱ្យកងទ័ពលីបង់ គឺជាការចាប់ផ្តើមយុទ្ធនាការរំសាយអាវុធកាន់តែទូលំទូលាយ។ ការប្រគល់អាវុធបន្ថែមទៀតត្រូវបានរំពឹងទុកនៅក្នុងសប្តាហ៍ខាងមុខនេះនៅទូទាំងជំរំ Burj al-Barajneh និងជំរំផ្សេងទៀតនៅទូទាំងប្រទេស។

មន្ត្រីក្រុង Fatah បានប្រាប់ទីភ្នាក់ងារសារព័ត៌មានReuters ថា សព្វាវុធដែលបានប្រគល់រហូតមកដល់ពេលនេះជាអាវុធខុសច្បាប់ ដែលបានចូលមកក្នុងជំរំកាលពីពេលកន្លងមក។ រូបភាពតាមទូរទស្សន៍ បានបង្ហាញពីរថយន្តយោធានៅខាងក្នុងជំរំ ទោះបីជាសារព័ត៌មានReuters មិនអាចផ្ទៀងផ្ទាត់ថាតើអាវុធប្រភេទណាដែលត្រូវប្រគល់ឲ្យ។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងបន្ទាប់ពីការប្តេជ្ញាចិត្តរបស់ប្រទេសលីបង់ក្រោមបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិករវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅក្នុងខែវិច្ឆិកា ដែលបានដាក់ការរឹតត្បិតអាវុធដល់កងកម្លាំងសន្តិសុខក្នុងរដ្ឋចំនួន៦។
រដ្ឋាភិបាល បានប្រគល់ភារកិច្ចដល់កងទ័ពក្នុងការបង្កើតយុទ្ធសាស្ត្រនៅចុងឆ្នាំនេះ ដើម្បីប្រមូលសព្វាវុធទាំងអស់ឱ្យស្ថិតនៅក្រោមអំណាចរដ្ឋ។ យោងតាមការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ការសម្រេច ដកហូតអាវុធពីក្រុមប៉ាឡេស្ទីនត្រូវបានឈានដល់ក្នុងជំនួបកាលពីខែឧសភារវាងប្រធានាធិបតីលីបង់ លោក ចូសេហ្វ អោន(Joseph Aoun) និងប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas ។ មេដឹកនាំទាំងពីរបានបញ្ជាក់ពីអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងបានទទូចថាមានតែរដ្ឋទេដែលគ្រប់គ្រងអាវុធ។ មន្ត្រីលីបង់ និងប៉ាឡេស្ទីន ក្រោយមកបានយល់ព្រមលើការកំណត់ពេលវេលា និងយន្តការសម្រាប់ការប្រគល់អាវុធ។