មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបង្ហាញការឈឺចាប់ និងគោរពវិញ្ញាណក្ខន្ធចំពោះកងទ័ពដែលបានស្លាប់អំឡុងការប្រយុទ្ធគ្នាដើម្បីរុស្ស៊ី ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងអ៊ុយក្រែន ដោយលោកនិយាយថា បេះដូងរបស់លោកឈឺណាស់ នៅក្នុងការថ្លែងពីការបាត់បង់យោធាដ៏កម្រ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង លោក Kim បានធ្វើអត្ថាធិប្បាយបែបនេះ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅឯពិធីមួយក្នុងទីក្រុង Pyongyang ជាទីដែលលោកបានជួបក្រុមមេបញ្ជាកររបស់អង្គភាពមួយដែលបានប្រយុទ្ធដើម្បីរុស្ស៊ី ក្នុងតំបន់ Kursk ភាគខាងលិច។លោកបានកោតសរសើរពួកគេថាជាកងទ័ពវីរបុរស ជាមួយនឹងការបង្ហាញរូបថតលោក Kim គោរពវិញ្ញាណក្ខន្ធកងទ័ព។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងខាងលើ មេដឹកនាំកូរ៉េខាងជើងរូបនេះ បាននិយាយក្នុងសុន្ទរកថាមួយថា បេះដូងរបស់ខ្ញុំឈឺចាប់ណាស់ និងជូរចត់ នៅពេលដែលខ្ញុំប្រឈមនឹងការពិត ដែលខ្ញុំទើបតែបានជួបជាមួយឥស្សរជនដ៏អង់អាច ដែលបានលះបង់ជីវិតដ៏មានតម្លៃរបស់ពួកគេសម្រាប់ជ័យជម្នះ និងភាពរុងរឿងដ៏អស្ចារ្យ តាមរយៈរូបថតនៅលើជញ្ជាំងអនុស្សាវរីយ៍៕