ភ្នំពេញ ៖ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានថ្កោលទោស ជនសង្ស័យពីររូប ដែលបានប្រើប្រាស់អាវុធបាញ់សត្វ បណ្តាលឲ្យបាត់បង់អាយុជីវិតក្មេងប្រុសកំព្រាស្លូត ត្រង់ម្នាក់ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹម នៅខណ្ឌកំពូល រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នៅថ្ងៃទី១១ ខែមីនា នេះ បានលើកឡើងថា គណៈកម្មការការពារកុមារថ្នាក់ជាតិ ក៏ដូចជាសាធារណជនទូទៅ «ពិតជាមានក្តីរន្ធត់ តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរយ៉ាងក្រៃលែង ចំពោះ កុមារកំព្រាដ៏កំសត់ម្នាក់ ដែលបានទទួលរងគ្រោះបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម សោកសៅ និងខ្លោច ផ្សារបំផុត ដោយទង្វើខ្វះការប្រុងប្រយ័ត្ន ដែលជនសង្ស័យពីរនាក់ បានប្រើប្រាស់អាវុធជាឧបករណ៍កម្សាន្ត និងបានធ្វើការថ្កោលទោសចំពោះទង្វើមិនទទួលខុសត្រូវរបស់ជនសង្ស័យទាំងពីរ ដែលបណ្តាលឲ្យបាត់ បង់ជីវិតក្មេងប្រុសកំព្រាស្លូតត្រង់មួយរូប។
សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានថ្លែងកោតសរសើរ ចំពោះសមត្ថកិច្ចជំនាញ និងតុលាការ ដែលបានចាត់វិធានការយ៉ាងក្តៅ គគុក និងទាន់ពេលវេលា ចំពោះករណីស្លាប់បាត់បង់ជីវិតកុមារា សារឿន ប៊ុនថា អាយុ១៤ឆ្នាំ ជាសិស្ស នៃ អនុវិទ្យាល័យបែកចាន ស្នាក់នៅអង្គការសង្គ្រោះជនរស់សង្ឃឹម ដែលករណីនេះ បានកើតឡើងនៅក្នុង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមីនា នេះ ហើយជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ច ក៏បាន ឃាត់ខ្លួនជនសង្ស័យពីររូប ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងករណីនេះដែរ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីកុមារ ក៏បានអំពាវនាវ និងសំណូមពរដល់ស្ថាប័នតុលាការ បន្តធ្វើការស៊ើបអង្កេត និងផ្ដន្ទាទោសកម្រិតអតិបរមា (ស្ថានទម្ងន់ទោសលើជនសង្ស័យ ដោយគ្មានការលើកលែង) ដើម្បីកុំឲ្យទង្វើបែប នេះកើតមានក្នុងសង្គមខ្មែរបន្តទៀត៕
អត្ថបទ៖ បាន ចក់