បាល់ទាត់៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានប្រកាសចុះកុងត្រាជាថ្មីជាមួយខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Takumu Nishihara ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០២២ ខាងមុខ។ អតីតខ្សែប្រយុទ្ធក្លិប Young Elephants នៃលីគកំពូលឡាវរូបនេះធ្លាប់បានចុះកុងត្រា ជាមួយក្រុមកងយោធពលខេមរភូមិន្ទម្ដងរួចមកហើយកាលពីដើមឆ្នាំ២០២១ តែក្រោយហ្វឹកហាត់ និងប្រកួត Pre-Season បានជាង ១ខែកន្លះកីឡាករវ័យ ២៩ឆ្នាំរូបនេះក៏ត្រូវបានក្លិបសម្រេចប្រកាសចែកផ្លូវភ្លាមៗ ក្រោមមូលហេតុរូបគេបានរងរបួសដាច់សរសៃពួរជង្គង់(ACL)។
រយៈពេល ១រដូវកាលក្រោយចាកចេញពីប្រទេសកម្ពុជា Takumu Nishihara បានត្រឡប់ទៅស្រុកកំណើតវិញ ហើយបានធ្វើការវះកាត់ដើមខែមេសា។ បន្ទាប់ពីសម្រាកព្យាបាលប្រមាណ ៧ខែរូបគេក៏បានអះអាងបានជាសះស្បើយ ១០០% តែពុំទាន់មានក្លិបណានោះទេរហូតដល់ថ្ងៃទី១៩ ខែមករាម្សិលមិញ ក៏ត្រូវបានក្រុមសមាជិកក្របខណ្ឌលីគកំពូលកម្ពុជា ប្រកាសពីការត្រឡប់ជាថ្មីតែម្ដង។ នេះគឺជាកីឡាករបរទេសចំណូលថ្មីដំបូង ដែលក្រុមកងយោធពលខេមរភូមិន្ទបាននាំចូលត្រៀមរដូវកាលថ្មី ហើយក៏ជាកីឡាករបរទេសទី២ ផងដែរបន្ទាប់ពីក្លិបបន្ដកុងត្រាជាមួយខ្សែបម្រើជប៉ុន Yuta Kikuchi ស្របពេលចែកផ្លូវជាមួយកីឡាករបរទេស ៤រូបក្រោយចប់រដូវកាលឆ្នាំ២០២១ រួមមានកីឡាករ Romario, Rio Sakuma, Chan Youngha និងកិឡាករ Timothy។
ក្រៅពីនេះក្លិបក៏បានស្វាគមន៍ការត្រឡប់របស់អ្នកចាំទី អ៊ុំ វិចិត្រ ក្រោយផ្ទេរទៅក្លិបភ្នំពេញក្រោនក្រោមលក្ខខណ្ឌខ្ចីជើង ១រដូវកាល ក៏ដូចជាការប្រកាសតែងតាំងលោក ទេព ឡុងរចនា ជាអ្នកចាត់ការក្រុម ក្រោយការចាកចេញរបស់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon ផងដែរ៕
អត្ថបទ៖ លី ឈុនឡា