ទីក្រុងប៉េកាំង បាននិយាយនៅថ្ងៃសុក្រ (២២ សីហា) នេះថា ប្រធានាធិបតីចិន លោក Xi Jinping នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវដ៏ខ្ពង់ខ្ពស់ពីរុស្ស៊ី គឺលោក Vladimir Putin ហើយនិងប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres ព្រមទាំងប្រមុខរដ្ឋាភិបាលជាង ២០រូបផ្សេងទៀត នៅចុងខែសីហានេះ សម្រាប់ជំនួបកំពូលនយោបាយ និងសន្តិសុខ សំដៅពង្រឹងឥទ្ធិពលក្នុងតំបន់របស់ចិន។
ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Liu Bin បានប្រាប់សន្និសីទសារព័ត៌មានស្តីពីការរៀបចំកិច្ចប្រជុំកំពូលនេះថា បណ្ដាមេដឹកនាំមកពីប្លុក ដែលលាតសន្ធឹងប្រហែលមួយភាគបួននៃពិភពលោក នឹងបង្ហាញផែនការថ្មីដើម្បីធ្វើឱ្យទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅ នៅពេលប្រមូលផ្តុំសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ SCO នៅទីក្រុងធានជីន ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ។
ជំនួបនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលទីក្រុងប៉េកាំង រៀបចំព្យុហយាត្រាយោធាដ៏ធំបំផុតរបស់ខ្លួនក្នុងពេលប៉ុន្មានឆ្នាំមកនេះក្នុងខែកញ្ញា ដើម្បីប្រារព្ធទិវាជ័យជម្នះសង្រ្គាមលោកលើកទីពីរ ហើយក៏កើតឡើងខណៈដែលគោលនយោបាយការបរទេស និងពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាពិសេសលើអ៊ីស្រាអែល តំបន់ហ្កាហ្សា និងពន្ធគយ បានរុញច្រានប្រទេសក្នុងតំបន់សំខាន់ៗឱ្យខិតទៅជិតប្រទេសចិន។
លោក Bin បាននិយាយថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ស្ថិតក្នុងចំណោមមេដឹកនាំដែលត្រូវបានអញ្ជើញ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក៏គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ មុនពេលធ្វើម្ចាស់ផ្ទះទទួលលោក Trump និងមេដឹកនាំផ្សេងទៀតមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងខែតុលា៕