សហរដ្ឋអាមេរិក៖ កាលពីថ្ងៃពុធលោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា លោករំពឹងថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងបញ្ជាឲ្យចូលឈ្លានពានប្រទេសអ៊ុយក្រែន និងបានព្រមានថា គ្រោះមហន្តរាយនឹងកំពុងរង់ចាំប្រទេសរុស្ស៊ី ប្រសិនបើរឿងនោះកើតឡើងមែន។ ការអត្ថាធិប្បាយរបស់លោក Biden មានឡើងបន្ទាប់ពីក្រុមទីភ្នាក់ងារចារកម្មនានាបានព្រមានថា ការវាយប្រហារណាមួយអាចកើតឡើងក្នុងរយៈពេលមួយខែ។

នៅពេលត្រូវបានសួរអំពីទាហានរុស្ស៊ីជាង ១០ម៉ឺននាក់ដែលត្រូវបានដាក់ពង្រាយនៅតាមព្រំដែនអ៊ុយក្រែន លោក Biden បានតបថា ការទស្សន៍ទាយរបស់លោកគឺលោក Putin នឹងធ្វើពិតមែន ពិតណាស់ថា លោក Putin ត្រូវតែធ្វើអ្វីម្យ៉ាង។ លោក Biden បាននិយាយនៅក្នុងអំឡុងសន្និសីទសារព័ត៌មានតែម្នាក់ឯងលើកទី២ ចាប់តាំងពីការឡើងកាន់អំណាចថា វានឹងក្លាយជាគ្រោះមហន្តរាយសម្រាប់រុស្ស៊ី ប្រសិនបើពួកគេឈ្លានពានពានអ៊ុយក្រែនបន្ថែមទៀតនោះ។ សម្ព័ន្ធមិត្ត និងដៃគូរបស់យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី និងសេដ្ឋកិច្ចរបស់រុស្ស៊ី។
ពេលនិយាយដល់លទ្ធភាពដែលអាចនាំឲ្យមានការឈ្លានពាន លោក Biden និយាយថា លោកគិតថា លោក Putin នឹងស្ដាយក្រោយចំពោះទង្វើដែលខ្លួនបានធ្វើ។ យ៉ាងក៏ដោយលោកប្រធានាធិបតី Joe Biden និយាយថា លោកមានក្ដីបារម្ភខ្លាំងណាស់ថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនអាចផ្ទុះឡើងគ្រប់គ្រងលែងបាន និងគំរាមកំហែងដល់បណ្ដាប្រទេសជិតខាង៕
អត្ថបទ៖ សុខមាន