ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សម្តីប្រភពមួយថា ប្រទេសលោកខាងលិច កំពុងពិចារណាដាក់ពង្រាយទាហានអឺរ៉ុប ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ុយក្រែន។
យោងតាមប្រភពនោះ ជម្រើសមួយក្នុងចំណោមជម្រើសយោធា អាចជា «ការបញ្ជូនកងកម្លាំងអឺរ៉ុបទៅកាន់អ៊ុយក្រែន ប៉ុន្តែដាក់សហរដ្ឋអាមេរិកឲ្យទទួលខុសត្រូវលើការបញ្ជា និងការគ្រប់គ្រងរបស់ពួកគេ»។ រ៉យទ័រ បានបន្ថែមថា ការគាំទ្ររបស់សហរដ្ឋអាមេរិកដែលអាចទៅរួចសម្រាប់កងកម្លាំងអឺរ៉ុប នៅលើអាកាស អាចរួមបញ្ចូល«ការផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតដល់អ៊ុយក្រែន និងការពង្រឹងតំបន់គ្មានការហោះហើរ ជាមួយយន្តហោះចម្បាំងអាមេរិក»។
នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈសេវាសារព័ត៌មានរបស់អគ្គសេនាធិការចម្រុះអាមេរិក ដោយបានប្រកាសថា ពួកគេបានបង្កើតជម្រើសយោធា ដែលត្រូវបានរៀបចំឡើង ស្របតាមលោកខាងលិច ដើម្បីគាំទ្រការចរចាលើការដោះស្រាយជម្លោះនៅអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍នោះ មិនបានបញ្ជាក់ថា ជម្រើសមួយណា កំពុងត្រូវបានពិចារណានោះទេ។