មន្ត្រីសន្តិសុខម្នាក់ បានប្រាប់សារព័ត៌មាន AFPថា កងកម្លាំងសន្តិសុខនៅក្នុងតំបន់ស្វយ័តឃើដអ៊ីរ៉ាក់ បានចាប់ខ្លួនមេដឹកនាំប្រឆាំងលោក Lahur Sheikh Jangi នៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាច្រើនម៉ោង។

មន្ត្រីដែលដោយសុំមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើបនៃប្រធានបទនេះ បាននិយាយថា លោក Jangi ដែលជាសមាជិកម្នាក់របស់គ្រួសារ Talabani ដ៏មានឥទ្ធិពល ដែលជាក្រុមកុលសម្ព័ន្ធមួយ ក្នុងចំណោមក្រុមកុលសម្ព័ន្ធពីរ ដែលកំពុងគ្រប់គ្រងនៅក្នុងតំបន់ស្វយ័តនេះ បានប្រគល់ខ្លួន ខណៈដែល «បងប្រុសរបស់ខ្លួន ឈ្មោះ Bolad បានរងរបួសជើង ហើយត្រូវបានចាប់ខ្លួន»។
នេះ គឺជាការចាប់ខ្លួនឥស្សរជនប្រឆាំងទី២ នៅក្នុងទីក្រុង Sulaimaniyah ក្នុងរយៈពេលមិនដល់ពីរ សប្តាហ៍ផង បន្ទាប់ពីការឃាត់ខ្លួនមេដឹកនាំជំនាន់ថ្មីលោក Shaswar Abdulwahid កាលពីថ្ងៃទី ១២ ខែសីហា។
