ក្រុមអ្នកតវ៉ានៅទូទាំងតំបន់ Galicia ភាគខាងជើងប្រទេសអេស្ប៉ាញ បានចេញតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ ប្រឆាំងនឹងដំណោះស្រាយរបស់រដ្ឋាភិបាលចំពោះចំហេះព្រៃដែលបានបំផ្លាញតំបន់នេះ ខណៈអឺរ៉ុបខាងត្បូង ប្រឈមនឹងរដូវកាលចំហេះព្រៃដ៏អាក្រក់បំផុតក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។
នៅទីក្រុង Ourense ក្រុមអ្នកតវ៉ា បានកាន់បដាដែលមានអំណានថា «ចំហេះព្រៃ នឹងមិនកើតមានឡើងម្តងទៀតឡើយ» ហើយបានរិះគន់គណបក្សប្រជាប្រិយភាពដែលកំពុងគ្រប់គ្រងជុំវិញអ្វីដែលពួកគេបានពិពណ៌នាថាជាចំណាត់ការមិនគ្រប់គ្រាន់។ រដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសអេស្ប៉ាញ លោកស្រី Yolanda Díaz បានចូលរួមក្នុងការតវ៉ានៅក្រុង Vigo ជាកន្លែងដែលលោកស្រីបានអំពាវនាវឱ្យមានគោលនយោបាយបង្ការអគ្គិភ័យពេញមួយឆ្នាំ និងបានរិះគន់លក្ខខណ្ឌការងាររបស់ក្រុមអ្នកពន្លត់អគ្គិភ័យ។
ភាគច្រើននៅអឺរ៉ុបខាងត្បូង កំពុងជួបប្រទះរដូវកាលចំហេះព្រៃដ៏អាក្រក់បំផុតក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។ ប្រទេសអេស្បាញនៅតែទប់ទល់ដើម្បីពន្លត់ចំហេះព្រៃធំៗជាច្រើនកន្លែងនៅតំបន់ភាគខាងលិច និងភាគខាងជើងប្រទេស បន្ទាប់ពីរលកកម្តៅរយៈពេល១៦ថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃចន្ទ ទី១៨ ខែសីហា។ តំបន់ដែលត្រូវបានគេប៉ាន់ស្មានថាមានចំហេះព្រៃនៅអេស្ប៉ាញមានលើសពី៤០០.០០០ ហិកតា ហើយជាទំហំធំបំផុតក្នុងកំណត់ត្រា។