នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ជួបជាមួយសមភាគីអាមេរិករបស់លោក គឺលោក Donald Trump នាសប្តាហ៍ក្រោយ ដែលជាជំនួបកំពូលលើកដំបូងរបស់មេដឹកនាំទាំង២ លោកនឹងត្រូវប្រឈមជាមួយការអំពាវនាវឲ្យបង់ប្រាក់បន្ថែមទៀត សម្រាប់ការថែទាំកងទ័ពអាមេរិក នៅឧបទ្វីបកូរ៉េ ដោយបញ្ហាសន្តិសុខត្រូវបានរំពឹងថា នឹងស្ថិតក្នុងចំណោមរបៀបវារៈធំជាងគេបំផុត។
ក្រុមមន្ត្រី និងអ្នកវិភាគ បានលើកឡើងថា ដោយត្រូវបានដកចេញភាគច្រើនពីកិច្ចចរចាពាណិជ្ជកម្មដ៏ច្របូកច្របល់ដែលបានបញ្ចប់ទៅជាមួយនឹងកិច្ចព្រមព្រៀងមិនលាយលក្ខណ៍អក្សរ កាលពីខែកក្កដា មន្ទិលសង្ស័យ អំពីអនាគតនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងវិធីសាស្រ្ត ចំពោះកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ នឹងក្លាយជាផ្នែកដ៏សំខាន់នៃកិច្ចពិភាក្សា នៅសេតវិមាន។
បញ្ហាដ៏ស្មុគស្មាញមួយ សម្រាប់លោក Lee អាចជាការជំរុញរបស់លោក Trump ដែលតម្រូវឲ្យទីក្រុងសេអ៊ូលចំណាយប្រាក់យ៉ាងច្រើន សម្រាប់កងទ័ពអាមេរិកចំនួន ២៨.៥០០នាក់ ឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាមរតកនៃសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣។

ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកម្នាក់បានឲ្យដឹងថា ផ្នែកសំខាន់នៃការផ្ដោត នឹងជាអ្វីដែលត្រូវបានគេហៅថា ការទទួលបន្ទុករួមគ្នា ហើយលោក Trump ត្រូវបានគេរំពឹងថា នឹងជំរុញកូរ៉េខាងត្បូងចំណាយបន្ថែមទៀត។ មន្ត្រីអាមេរិករូបនោះបានបញ្ជាក់ថា ទោះបីជាមិនមានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងក៏ដោយ ក៏មានការពិភាក្សានៅក្នុងមន្ទីរបញ្ចកោណ អំពីការដកទាហានអាមេរិកមួយចំនួនចេញពីកូរ៉េខាងត្បូង។ ដើម្បីរារាំងវិធានការនោះ មន្ត្រីខ្លះនៅមន្ទីរបញ្ចកោណ កំពុងព្យាយាមផ្តោតឡើងវិញលើសម្ព័ន្ធភាពឆ្ពោះទៅរកការគំរាមកំហែងពីប្រទេសចិន។
តែយ៉ាងណាក្ដី បើទោះបីជាភាគច្រើននឹងអាស្រ័យលើឆន្ទៈរបស់ទីក្រុងសេអ៊ូលក៏ដោយ ក៏មន្ត្រីអាមេរិកដដែលនោះបានបន្ថែមថា គោលបំណងគឺចង់ពិភាក្សាយ៉ាងទូលំទូលាយ អំពីរបៀបដែលសម្ព័ន្ធភាព និងកងកម្លាំងអាមេរិក នៅកូរ៉េខាងត្បូង អាចប្រើប្រាស់ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន៕
