ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នគរបាលជាន់ខ្ពស់ម្នាក់បានប្រាប់ឲ្យដឹងថា អតីតប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe នៅថ្ងៃសុក្រ (ទី២២ ខែសីហា) ត្រូវបានចាប់ខ្លួន ជុំវិញការចោទប្រកាន់ថា «បានប្រើប្រាស់ថវិការដ្ឋាភិបាលមិនត្រឹមត្រូវ»។
មន្រ្តីរូបនោះបានបញ្ជាក់ថា លោក Wickremesinghe ត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវបានសាកសួរ អំពីដំណើរទស្សនកិច្ចនៅខែកញ្ញា ឆ្នាំ២០២៣ ទៅកាន់ទីក្រុងឡុងដ្រ៍ ដើម្បីចូលរួមក្នុងពិធីមួយរបស់ភរិយាលោក នៅឯសាកលវិទ្យាល័យ ក្នុងប្រទេសអង់គ្លេស ខណៈពេលដែលរូបលោកកាន់តំណែងជាប្រមុខរដ្ឋ។

អមដោយការបន្ថែមថា ពួកគេកំពុងចោទប្រកាន់រូបលោកពីបទប្រើប្រាស់ធនធានរបស់រដ្ឋ សម្រាប់គោលបំណងផ្ទាល់ខ្លួន មន្រ្តីដដែលនេះបាននិយាយថា៖ «យើងកំពុងនាំរូបលោកទៅកាន់តុលាការ នៅ Colombo Fort»។
លោក Wickremesinghe បានឈប់នៅទីក្រុងឡុងដ្រ៍ ក្នុងឆ្នាំ២០២៣ ពេលលោកធ្វើដំណើរត្រលប់ពីទីក្រុង Havana របស់ប្រទេសគុយបា ជាកន្លែងដែលលោកបានចូលរួមកិច្ចប្រជុំកំពូល G77។ លោក និងភរិយារបស់លោក ឈ្មោះ Maithree បានចូលរួមពិធីនៅសាកលវិទ្យាល័យ Wolverhampton។ លោក Wickremesinghe បានអះអាងថា ការចំណាយលើការធ្វើដំណើររបស់ភរិយាលោក ត្រូវបានប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួនរបស់ភរិយាលោក ហើយថា គ្មានការប៉ះពាល់ថវិការដ្ឋឡើយ។
តែយ៉ាងណាក្ដី នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់នគរបាល បានចោទប្រកាន់ថា លោក Wickremesinghe បានប្រើប្រាស់ប្រាក់របស់រដ្ឋាភិបាល សម្រាប់ការធ្វើដំណើររបស់លោក ក្នុងលក្ខណៈដំណើរកម្សាន្តឯកជន ហើយថា អង្គរក្សរបស់លោកក៏ត្រូវបានចំណាយដោយថវិការដ្ឋផងដែរ។
គួរបញ្ជាក់ថា លោក Wickremesinghe បានក្លាយជាប្រធានាធិបតី នៅខែកក្កដា ឆ្នាំ២០២២ សម្រាប់អាណត្តិនៅសល់របស់លោក Gotabaya Rajapaksa ក្រោយលោក Rajapaksa បានចុះចេញពីតំណែងបន្ទាប់ពីមានការតវ៉ាជាច្រើនខែ ជុំវិញការចោទប្រកាន់ អំពីអំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវ។ លោកបានបរាជ័យ នៅក្នុងការប៉ុនប៉ង ដើម្បីជាប់បោះឆ្នោតឡើងវិញ កាលពីខែកញ្ញាឆ្នាំមុន៕
