លោក Sun Degang នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាមជ្ឈិមបូព៌ានៃសាកលវិទ្យាល័យ Fudan បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅក្នុងបទសម្ភាសន៍មួយថា អ៊ីស្រាអែលទំនងជាមិនអាចកម្ទេច ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសបានទេ ដោយសារក្រុមនេះ មានមនោគមន៍វិជ្ជារបស់ខ្លួន។
សាស្ត្រាចារ្យរូបនេះ បាននិយាយថា៖«ការកាន់កាប់របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប នឹងបង្កើនសម្ពាធយោធាលើក្រុមហាម៉ាស ប៉ុន្តែក្រុមនេះ គឺជាអង្គការយោធា និងមានមនោគមន៍វិជ្ជារបស់ខ្លួន ដូច្នេះការបង្រ្កាបដោយយោធា ទំនងជាមិនមានប្រសិទ្ធភាពទេ»។

ទោះបីជាមានការតស៊ូក្នុងប្រទេស និងអន្តរជាតិក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងព្យាយាមគ្រប់គ្រងតំបន់ហ្កាហ្សា ដើម្បីបង្ខំក្រុមហាម៉ាសឲ្យទម្លាក់អាវុធ និងដោះលែងចំណាប់ថ្នូរ។ អ្នកជំនាញរូបនេះ បាននិយាយថា លោក ណេតាន់យ៉ាហ៊ូ មានបំណងពង្រឹងរដ្ឋាភិបាលចម្រុះស្តាំនិយមនេះ។
លោកសាស្ត្រាចារ្យ បានកត់សម្គាល់ថា៖«អ៊ីស្រាអែល នឹងវាយលុកតំបន់ហ្កាហ្សាពីភាគខាងជើង ទៅភាគខាងត្បូង ដោយរំកិលបន្តិចម្តងៗ ពីការដាក់បញ្ចូលផ្នែកខ្លះ ទៅក្នុងគ្រប់គ្រងពេញលេញ ហើយនៅទីបំផុតសម្រេចបាននូវក្តីសុបិនដ៏ធំធេងរបស់អ៊ីស្រាអែល»។ «សកម្មភាពយោធារបស់អ៊ីស្រាអែលនៅហ្កាហ្សា ទំនងជាបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពចំណាប់ខ្មាំងអ៊ីស្រាអែល និងបង្ខំឲ្យជនស៊ីវិលហ្កាហ្សា ផ្លាស់ទីទៅភាគខាងត្បូង ដែលនឹងធ្វើឲ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើងៗ»។
