រ៉ូកែត Falcon 9 របស់ក្រុមហ៊ុន SpaceX កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) ត្រូវបានបាញ់បង្ហោះ ដោយបាននាំយកយានដ្រូនសម្ងាត់ X-37B របស់យោធាអាមេរិកទៅកាន់លំហអាកាស។
បើយោងតាមការផ្សាយផ្ទាល់របស់ក្រុមហ៊ុន SpaceX អំពីព្រឹត្តិការណ៍នេះ បានបង្ហាញឲ្យឃើញថា រ៉ូកែតនេះត្រូវបានបាញ់បង្ហោះដោយជោគជ័យនៅម៉ោង ១១:៥០យប់ (ត្រូវនឹងម៉ោង ៣:៥០ ម៉ោងសកលថ្ងៃសុក្រ)។ យានចម្លង Falcon 9 បានបំភ្លឺផ្ទៃមេឃនាពេលយប់ នៅលើមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ជាទីដែលរ៉ូកែតនេះត្រូវបានបាញ់បង្ហោះ។

កងកម្លាំងអវកាសអាមេរិក បានឲ្យដឹងថា បេសកកម្មរបស់យានដ្រូន នឹងរួមបញ្ចូល «គោលបំណងនៃការសាកល្បង និងពិសោធន៍ផ្សេងៗជាច្រើន»។
ទីភ្នាក់ងារនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែមុនថា៖ «ការបង្ហាញប្រតិបត្តិការ និងការពិសោធន៍ទាំងនេះ រួមមានបច្ចេកវិទ្យាជំនាន់ក្រោយ ក្នុងនោះរួមមានទាំងការទាក់ទងដោយឡាស៊ែរ និងដំណើរការកម្រិតខ្ពស់បំផុតនៃឧបករណ៍ចាប់សញ្ញានិចលកង់តូម ដែលជាការធ្វើតេស្តមិនធ្លាប់មាន នៅក្នុងលំហ»។
ដោយមានទំហំប្រហែលរថយន្តក្រុងតូចមួយ យានដ្រូនអវកាសអាមេរិក X-37B មើលទៅដូចជាកំណែខ្នាតតូចនៃយានអវកាសមានអវកាសយានិក ដែលត្រូវបានដាក់ឲ្យឈប់ប្រតិបត្តិការក្នុងឆ្នាំ២០១១។ នៅក្នុងបេសកកម្មមុនៗ យាន X-37B បានធ្វើការសាកល្បង សម្រាប់ទីភ្នាក់ងារអវកាសអាមេរិក NASA៕
