ក្រសួងការពារជាតិបានប្រាប់ឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានធ្វើសមយុទ្ធនៅសមុទ្របាល់ទិក នាថ្ងៃសុក្រ (ទី២២ ខែសីហា) នេះ ក្នុងនោះរួមមានទាំងការហ្វឹកហាត់ ដើម្បីទប់ទល់ការវាយប្រហារក្រោមទឹកផងដែរ។
ក្រសួងបានបញ្ជាក់ថា អង្គភាពក្រុមមុជទឹក «បានបង្ហាញជំនាញ ក្នុងការស្វែងរក និងចាប់ក្រុមអ្នកធ្វើអំពើវិឆ្ឆេទកម្មនៅក្រោមទឹក ក៏ដូចជាការប្រើប្រាស់យានដ្រូន FPV ដើម្បីបំផ្លាញទូកគ្មានមនុស្សបញ្ជារបស់សត្រូវដែលត្រូវបានប្រឌិដ្ឋឡើងនេះ»។
សមយុទ្ធនេះមានគោលបំណងមួយផ្នែក ដើម្បីវាយតម្លៃអង្គភាពការពារអំពើវិឆ្ឆេទកម្មប្រឆាំងនាវាមុជទឹករបស់កងទ័ពជើងទឹក។ នេះគឺជាលើកទី២ ហើយ នៅក្នុងខែនេះដែលរុស្ស៊ីធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយនឹងសមាសធាតុប្រឆាំងនាវាមុជទឹក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃទី១ ខែសីហាថា លោកបានបញ្ជាឲ្យនាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិក ២គ្រឿង ចូលកាន់ទីតាំងកៀកនឹងរុស្ស៊ី។
ក្នុងសប្តាហ៍ដំបូងនៃខែសីហា កងទ័ពជើងទឹករុស្ស៊ី និងចិន បានហាត់សមការតាមប្រមាញ់ និងកម្ទេចនាវាមុជទឹករបស់សត្រូវ នៅសមុទ្រជប៉ុន។ ក្រសួងការពារជាតិបានចេញផ្សាយវីដេអូរបស់មេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី លោកឧត្តមនាវីឯក Alexander Moiseyev ត្រួតពិនិត្យសមយុទ្ធ នៅសមុទ្របាល់ទិក ដែលរួមបញ្ចូលផងដែរនូវសមយុទ្ធ ដើម្បីការពារដែនអាកាសពីការវាយប្រហារដោយយានដ្រូនរបស់សត្រូវ៕