មេបញ្ជាការនៃកងកម្លាំងយានដ្រូនរបស់អ៊ុយក្រែន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) បានឲ្យដឹងថា យោធាអ៊ុយក្រែន បានវាយប្រហារម្ដងទៀតលើស្ថានីយបូមប្រេង Unecha ដែលជាផ្នែកសំខាន់នៃបំពង់បង្ហូរប្រេង Druzhba នៅជាប់អឺរ៉ុបរបស់រុស្ស៊ី ហើយហុងគ្រី បានប្រាប់ថា ការបញ្ជូនត្រូវបានបញ្ឈប់។
ទាំងរុស្ស៊ី និងអ៊ុយក្រែន បានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយទីក្រុងគីវ បានបំផ្លាញរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីជាច្រើន ជាកិច្ចប្រឹងប្រែង ដើម្បីកាត់បន្ថយប្រាក់ចំណូល ដែលផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន រំខានដល់ការនាំចេញថាមពលរបស់ប្រទេសនេះ និងធ្វើឲ្យមានការខ្វះខាតប្រេងឥន្ធនៈ នៅខាងក្នុងប្រទេសរុស្ស៊ី។
សម្រាប់រុស្ស៊ីវិញ ទីក្រុងមូស្គូបានបាញ់រ៉ូកែត និងយានដ្រូនលើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់អ៊ុយក្រែន ដោយកាត់បន្ថយសមត្ថភាពរបស់ទីក្រុងគីវ ក្នុងការនាំចូលឧស្ម័ន ដែលផ្តល់កម្ដៅដល់ប្រជាជន និងប្រេងឥន្ធនៈ សម្រាប់យោធា។
បំពង់បង្ហូរប្រេង Druzhba បញ្ជូនប្រេងពីរុស្ស៊ីទៅហុងគ្រី និងស្លូវ៉ាគី ក៏ដូចជាពីកាហ្សាក់ស្ថានទៅអាល្លឺម៉ង់ផងដែរ។ អ៊ុយក្រែនបានវាយប្រហារម្តងហើយម្តងទៀតលើបរិក្ខារបំពង់បង្ហូរប្រេង នៅក្នុងខែនេះ ដែលបណ្តាលឲ្យមានការរំខានដល់ការផ្គត់ផ្គង់ ២-៣ថ្ងៃ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា ការបញ្ជូនប្រេងឆៅពីប្រទេសរុស្ស៊ីទៅកាន់ហុងគ្រី តាមបំពង់ Druzhba ត្រូវបានបញ្ឈប់ បន្ទាប់ពីមានការវាយប្រហារលើបំពង់បង្ហូរប្រេងដែលមានទីតាំងនៅជិតព្រំដែនរុស្ស៊ី-បេឡារុស។
លោក Robert Brovdi មេបញ្ជាការកងកម្លាំងយានដ្រូនរបស់អ៊ុយក្រែន បានបង្ហោះវីដេអូនៅលើកម្មវិធីផ្ញើសារ Telegram ដែលបង្ហាញឲ្យឃើញពីអគ្គិភ័យដ៏ធំមួយ នៅឯកន្លែងមានសឺទែនប្រេងឥន្ធនៈយ៉ាងច្រើន៕