អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃសុក្រ (ទី២២ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ទីក្រុងប៊ែរឡាំងបច្ចុប្បន្ន មិនមានផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននោះទេ ពីព្រោះការធ្វើបែបនោះនឹងធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីឈានដល់កិច្ចព្រមព្រមដំណោះស្រាយរដ្ឋ២ ជាមួយអ៊ីស្រាអែល។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់នៅឯសន្និសីទសារព័ត៌មានមួយថា៖ «ការឈានដល់ការព្រមព្រៀងដំណោះស្រាយរដ្ឋ២ នៅតែជាគោលដៅរបស់យើង បើទោះបីជាវាហាក់បីដូចជាស្ថិតនៅលើផ្លូវវែងឆ្ងាយនាពេលនេះក៏ដោយ។ ការទទួលស្គាល់ប៉ាឡេស្ទីន ទំនងជានឹងកើតមាននៅចុងបញ្ចប់នៃដំណើរការបែបនេះ ហើយការសម្រេចចិត្តបែបនេះ ឥឡូវនេះ នឹងផ្ដល់ផលប៉ះពាល់អាក្រក់ ជាងការផ្ដល់ផលល្អ»។
គួរបញ្ជាក់ថា ប្រទេសជាច្រើន ដែលរួមមានអូស្ត្រាលី ចក្រភពអង់គ្លេស បារាំង និងកាណាដាផងដែរនោះ នាពេលថ្មីៗនេះ បានប្រកាសថា ពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្រោមលក្ខខណ្ឌផ្សេងៗគ្នា៕