ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ឈប់ជំនួបរវាងលោកនិងលោក Vladimir Putin មិនឱ្យកើតមានឡើង និងបានជំរុញឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនដាក់ទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ ប្រសិនបើទីក្រុងនេះមិនបង្ហាញចំណាប់អារម្មណ៍ចំពោះសន្តិភាព។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte ក្នុងទីក្រុងគីវ លោក Zelenskiy បាននិយាយថា ពួកគេបានពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនធ្វើឡើងដោយរដ្ឋនានា។ លោកនិយាយថា ការធានាសន្តិសុខគួរតែស្រដៀងទៅនឹងមាត្រាទី៥ របស់ណាតូ ដែលចាត់ទុកការវាយប្រហារទៅលើសមាជិកណាមួយរបស់សម្ព័ន្ធមិត្ត គឺជាការវាយប្រហារប្រឆាំងនឹងសមាជិកទាំងអស់។

លោក Zelenskiy បាននិយាយថា «នេះគឺជាការចាប់ផ្តើមនៃការទទួលយកកិច្ចការធំមួយ ហើយវាមិនងាយស្រួលនោះទេ ព្រោះថាការធានាមាននូវអ្វីៗដែលដៃគូរបស់យើងអាចផ្តល់ឱ្យអ៊ុយក្រែនបាន ព្រមទាំងជាអ្វីដែលកងទ័ពអ៊ុយក្រែនគួរទទួលបាន ហើយជាកន្លែងដែលយើងអាចស្វែងរកឱកាសសម្រាប់កងទ័ពដើម្បីរក្សាភាពរឹងមាំរបស់ខ្លួន»។ មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ប្រទេសលោកដាក់សម្ពាធលើប្រទេសរុស្ស៊ីឱ្យទៅជា «ប្រទេសដែលមានផលិតភាពតិចតួចបំផុត»។ លោក Zelenskiy បានអំពាវនាវដដែលៗឱ្យលោក Putin ជួបជាមួយលោក ហើយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយថា ប្រធានាធិបតីរុស្ស៊ី បានព្រមព្រៀងចំពោះជំនួបបែបនេះ ខណៈបានសន្ទនាតាមទូរស័ព្ទជាមួយលោកក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំអឺរ៉ុបទៅកាន់ទីក្រុងវ៉ាស៊ីនតោន ។ លោក Zelenskiy បាននិយាយកាលពីថ្ងៃសុក្រថា «រុស្ស៊ី កំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីរារាំងជំនួបមិនឱ្យកើតមានឡើង»។ មិនដូចរុស្ស៊ីនោះទេ អ៊ុយក្រែនមិនខ្លាចជំនួបណាមួយជាមួយមេដឹកនាំឡើយ។
