ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់កងកម្លាំងរបស់ប្រទេសកូរ៉េខាងត្បូងពីការបាញ់ព្រមានទៅលើទាហានរបស់ខ្លួនដែលជាផ្នែកមួយនៃគម្រោងពង្រឹងនៅព្រំដែន ដោយបានព្រមានទីក្រុងសេអ៊ូល ថាសកម្មភាពនេះប្រឈមនឹងការបង្កើនភាពតានតឹងដល់កម្រិត «មិនអាចគ្រប់គ្រងបាន» ។
នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃសៅរ៍នេះ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ផ្លូវការ របស់ទីក្រុងព្យុងយ៉ាង បានដកស្រង់សម្តីលោក Ko Jong Chol នាយរងសេនាធិការនៃកងទ័ពប្រជាជនកូរ៉េខាងជើងដែលបាននិយាយថាកូរ៉េខាងត្បូង គួរតែបញ្ឈប់ការបង្កហេតុ«គិតទុកជាមុននិងដោយចេតនា» របស់ខ្លួនដែលលោកបានបានពិពណ៌នាថាជា «ការញុះញង់ឲ្យមានជម្លោះយោធា» ។

ដោយចាត់ទុកឧបទ្ទវហេតុនេះថាជា «ការបង្កហេតុធ្ងន់ធ្ងរ» លោក Ko បាននិយាយថា យោធាកូរ៉េខាងត្បូងបានបាញ់ព្រមានជាង១០គ្រាប់ទៅលើកងទ័ពកូរ៉េខាងជើង។
លោក Ko បាននិយាយថា «នេះគឺជាការស្ថានការណ៍ដ៏ធ្ងន់ធ្ងរ ជៀសមិនរួចក្នុងការជំរុញឱ្យស្ថានភាពនៅតំបន់ព្រំដែនភាគខាងត្បូង ជាកន្លែងដែលកងកម្លាំងមួយចំនួនធំកំពុងឈរជើង ស្ថិតក្នុងការប្រឈមមុខដាក់គ្នាទៅវិញទៅមកដែលនឹងឈានដល់ដំណាក់កាលមួយមិនអាចគ្រប់គ្រងបាន»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងខណៈទាហានកូរ៉េខាងជើងកំពុងធ្វើការដើម្បីបិទព្រំដែនការពាររឹងមាំជាអចិន្ត្រៃយ៍ដែលបែងចែកឧបទ្វីបទាំងពីរនេះ។
