អាស៊ានប៉ារ៉ាហ្គេម៖ ក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាន បានធ្វើការគាំទ្រប្រទេសឥណ្ឌូណេស៊ីឲ្យទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ជំនួសប្រទេសវៀតណាម ដែលបានលុបចោលការរៀបចំព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់នេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តំណាងសម្ដេចតេជោ ហ៊ុន សែន ដែលក្លាយជាប្រធានក្រុមប្រឹក្សាកីឡាជនពិការអាស៊ានបន្ដវេន។
ឯកឧត្តមបានចាត់ទុកការបើកភ្លើងខៀវពីក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ាននេះ គឺជាសញ្ញាណវិជ្ជមានមួយសម្រាប់អត្តពលិកជនពិការ និងមន្ដ្រីបច្ចេកទេសកម្ពុជា សម្រាប់ការត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះបន្ដវេន នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ ឯកឧត្តម យី វាសនា បន្ដថា កាលពីសប្ដាហ៍កន្លងទៅ ក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ានបានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ហើយបានពិភាក្សាអំពីការដេញថ្លៃរបស់ឥណ្ឌូនេស៊ី ដើម្បីធ្វើម្ចាស់ផ្ទះជំនួសវៀតណាមនូវការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយឥណ្ឌូនេស៊ី បានស្នើរៀបចំការប្រកួតនេះពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លើ ១៣ប្រភេទកីឡា ខណៈប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកឥណ្ឌូនេស៊ីលោក Senny Marbun បានអះអាងពីការត្រៀមខ្លួនរួចរាល់ដើម្បីទទួលរៀបចំព្រឹត្តិការណ៍នេះ។ ដូច្នេះក្នុងកិច្ចប្រជុំ បណ្ដាប្រទេសអាស៊ានបានគាំទ្រចំពោះការស្នើសុំរបស់ឥណ្ឌូនេស៊ី តែក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ាន បានទុកពេលឲ្យឥណ្ឌូនេស៊ីបង្ហាញឯកសារពាក់ព័ន្ធមួយចំនួន ពាក់ព័ន្ធនឹងបម្រាមរបស់ទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ពិភពលោកកាលពីខែតុលា ឆ្នាំ២០២១ និងការទុកពេល ១ខែសម្រាប់ការដេញថ្លៃធ្វើម្ចាស់ផ្ទះនេះ។
ឯកឧត្តមបន្ដថា កិច្ចប្រជុំនេះដើម្បីរកដំណោះស្រាយឈានទៅរៀបចំ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឡើងវិញនេះ បន្ទាប់ពីព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះប្រឈមនឹងការលុបចោល ២លើកជាប់គ្នាបន្ទាប់ពីម្ចាស់ផ្ទះហ្វីលីពីនលុបចោលកាលពីឆ្នាំ២០១៩ និងវៀតណាមដែលលុបចោលការរៀបចំក្នុងឆ្នាំ២០២១។ តាមរយៈនេះបានធ្វើឲ្យក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ាន មានក្ដីបារម្ភធ្វើឲ្យប៉ះពាល់ដល់គុណផលបច្ចេកទេសរបស់អត្តពលិកជនពិការ និងគណៈកម្មការបច្ចេកទេសក្នុងតំបន់។ បន្ថែមលើនេះក្នុងនាមថ្នាក់ដឹកនាំកីឡាជនពិការកម្ពុជា ឯកឧត្តម យី វាសនា ក៏បានគាំទ្រការស្នើសុំរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឡើងវិញផងដែរ ព្រោះនេះគឺជាឱកាសដ៏ល្អមួយសម្រាប់អត្តពលិកជនពិការ និងមន្ដ្រីបច្ចេកទេសបានចូលរួមប្រកួត និងពង្រឹងសមត្ថភាពបន្ថែម ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា