យោងតាមអាជ្ញាធរបានឱ្យដឹងថា ក្រុមជួយសង្គ្រោះបានស្វែងរកអ្នកនៅរស់ជីវិតកាលពីថ្ងៃសុក្រ បន្ទាប់ពីមនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់ដោយសារបំណាក់ដីនៅជាយក្រុងនៃរដ្ឋធានី Conakry របស់ប្រទេសហ្គីណេ។ ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេជឿថា បានបង្កឱ្យភ្នំតូចមួយកន្លែងបាក់ដីកប់ទៅលើលំនៅឋានច្រើនខ្នង និងកប់លើប្រជាជន។
អ្នកស្រុកម្នាក់និយាយថា «កូនរបស់ខ្ញុំស្លាប់ទាំងអស់ កូនពីរនាក់របស់ ប្អូនស្រីតូចម្នាក់ទៀត ពួកគេទាំងបីនាក់បានស្លាប់»។ នាយករដ្ឋមន្រ្តីប្រទេសហ្គីណេ លោក Amadou Oury Bah បានពិពណ៌នាអំពីទំហំនៃគ្រោះមហន្តរាយនេះ។

«មានជនរងគ្រោះរាប់សិបនាក់រួចទៅហើយ វាមានចំនួនច្រើន។ ប្រសិនបើគ្មានអ្វីត្រូវបានធ្វើនៅកន្លែងដីបាក់កប់ Zacopé នោះទេ យើងមិនដឹងនោះទេថា តើយើងនឹងមានជនរងគ្រោះប៉ុន្មាននាក់នៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងជីកកកាយ ដើម្បីមើលថាតើមានសាកសពផ្សេងទៀតជាប់នៅក្រោមដីនៅក្នុងលំនៅឋានដែលត្រូវបានកប់ដោយបំណាក់ដី ដែរឬទេ។
ប្រទេសហ្គីណេ ប្រឈមមុខនឹងទឹកជំនន់និងការហូរច្រោះកាន់តែធ្ងន់ធ្ងរក្នុងរដូវវស្សាប្រចាំឆ្នាំ ដែលចាប់ផ្តើមពីខែឧសភាដល់ ខែតុលា។ ការបង្ហូរទឹកមិនល្អ និងការអភិវឌ្ឍទីក្រុងឆាប់រហ័សបានធ្វើឱ្យអ្នកស្រុកជាច្រើនងាយរងគ្រោះដោយបំណាក់ដី និងទឹកជំនន់ដ៏មហន្តរាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
