ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi និងសមភាគីបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលស្គាល់ថាជាមហាអំណាចអឺរ៉ុបទាំងបី E3 បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ (២២ សីហា) ក្នុងការបន្តកិច្ចចរចាឡើងវិញនៅសប្តាហ៍ក្រោយនេះ ស្តីពីបញ្ហានុយក្លេអ៊ែរ ខណៈការគំរាមកំហែងដាក់ទណ្ឌកម្មឡើងវិញ ជិតមកដល់។
អឺរ៉ុបទាំងបីនេះបាននិយាយថា ពួកគេអាចធ្វើសកម្មភាពដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ឡើងវិញ ក្រោមយន្តការ "ត្រឡប់ទៅស្ថានភាពដើមវិញ" ប្រសិនបើទីក្រុងតេអេរ៉ង់ មិនត្រលប់ទៅតុចរចាលើកិច្ចព្រមព្រៀងទប់ស្កាត់កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនទេនោះ។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានបញ្ជាក់ថានឹងមានការពិភាក្សាបែបនេះនៅសប្តាហ៍ក្រោយ ហើយក៏ព្រមានអ៊ីរ៉ង់ថា ទណ្ឌកម្មនឹងចូលជាធរមានឡើងវិញ លុះត្រាតែខ្លួនឈានដល់កិច្ចព្រមព្រៀងដែលអាចផ្ទៀងផ្ទាត់បាន និងយូរអង្វែង ដើម្បីបំបាត់កង្វល់អំពីមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន។ លោកបញ្ជាក់ជាថ្មីថា ពេលវេលាខ្លីណាស់ ហើយអ៊ីរ៉ង់ ត្រូវតែចូលរួមយ៉ាងសកម្មបំផុត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បាននិយាយថា លោក Araqchi និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នាក្នុងអំឡុងពេលកិច្ចសន្ទនាតាមទូរសព្ទមួយថា បណ្ដាអនុរដ្ឋមន្ត្រីការបរទេសរៀងៗខ្លួននឹងបន្តកិច្ចពិភាក្សានៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។
មហាអំណាចអឺរ៉ុបទាំងបីនេះ រួមជាមួយនឹងសហរដ្ឋអាមេរិក បានចោទថា អ៊ីរ៉ង់កំពុងប្រើប្រាស់កម្មវិធីថាមពលនុយក្លេអ៊ែររបស់ខ្លួនដើម្បីអភិវឌ្ឍសមត្ថភាពសព្វាវុធ ដោយបំពានលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់ប្រកែកថា ខ្លួនស្វែងរកតែថាមពលនុយក្លេអ៊ែរស៊ីវិលប៉ុណ្ណោះ៕
