អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប៉ាគីស្ថាន (NDMA) បានព្យាករថានឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងថ្មីៗទៀត និងលទ្ធភាពខ្ពស់នៃទឹកជំនន់បន្ថែមកាន់តែអាក្រក់ នៅទូទាំងតំបន់ជាច្រើននៃប្រទេស រហូតដល់ថ្ងៃទី៣០ ខែសីហា ខណៈអ្នកស្លាប់ដោយសារភ្លៀងមូសុងនៅទូទាំងប្រទេសបានបន្តកើនឡើងឥតឈប់ឈរលើសពីចំនួន ៧៨០នាក់ហើយ។
ប្រព័ន្ធអាកាសធាតុទាក់ទងនឹងភ្លៀងចំនួន៣ កំពុងតែរំកិលចូលទៅកៀកប៉ាគីស្ថាន ក្រោមឥទិ្ធពលដ៏ខ្លាំងក្លា ដែលទំនងជាបង្កភ្លៀងធ្លាក់យ៉ាំងគំហុកនៅក្នុងតំបន់ភាគច្រើននៃប្រទេស រវាងថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី៣០ ខែសីហា នេះបើយោងតាមសេចក្ដីណែនាំរបស់អាជ្ញាធរគ្រោះមហន្តរាយ NDMA។

ចំនួនអ្នកស្លាប់សរុបពីឧប្បត្តិហេតុទាក់ទងនឹងភ្លៀងធ្លាក់នៅប៉ាគីស្ថាន បានកើនឡើងដល់ ៧៨៥នាក់ ចាប់តាំងពីចុងខែមិថុនាមក នៅពេលភ្លៀងមូសុងបានចាប់ផ្តើមវាយប្រហារដំបូងៗនៅក្នុងប្រទេសនេះ ដោយខេត្ត Khyber Pakhtunkhwa (KP) រាយការណ៍ថាមានអ្នកស្លាប់ខ្ពស់បំផុតចំនួន ៤៦៩នាក់។
អាជ្ញាធរនិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ជាបន្តបន្ទាប់ និងបានជំរុញឱ្យមហាជនមានការប្រុងប្រយ័ត្នក្នុងពេលមានភ្លៀង និងទឹកជំនន់ និងធានានូវវិធានការសុវត្ថិភាពជានិច្ច៕

