ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ភ្នំភ្លើង Kilauea នៃរដ្ឋហាវ៉ៃ បានផ្ទុះឡើងជាថ្មីម្ដងទៀតនៅថ្ងៃសុក្រ (២២ សីហា) ដោយព្រួសកម្អែភ្នំភ្លើងកម្ពស់រហូតដល់ទៅ ៣០ម៉ែត្រ ទៅលើអាកាស និងពាសពេញផ្នែកមួយនៃកំពូលរបស់ភ្នំភ្លើង។ នេះជាបន្ទុះលើកទី៣១ ហើយរបស់ភ្នំភ្លើង Kilauea ចាប់តាំងពីខែធ្នូមក ដែលត្រួវចាត់ទុកថាជាកម្រិតខ្ពស់ល្មម សម្រាប់ភ្នំភ្លើងបន្ទុះសកម្មបំផុតមួយរបស់ពិភពលោកបែបនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ការផ្ទុះនេះគឺស្ថិតនៅក្នុងរណ្ដៅនៃកំពូលភ្នំភ្លើង ដោយបន្ថែមថា ពុំមានលំនៅឋានអ្នកស្រុកណាមួយត្រូវបានគំរាមកំហែងនោះទេ។

ភ្នំភ្លើង Kilauea ស្ថិតនៅលើកោះហាវ៉ៃ ដែលជាកោះធំជាងគេនៅក្នុងប្រជុំកោះហាវ៉ៃ របស់សហរដ្ឋអាមេរិក ហើយស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងធំបំផុតរបស់រដ្ឋ គឺក្រុង Honolulu ដែលស្ថិតនៅលើកោះ Oahu ។
អ្នកស្រុក និងភ្ញៀវទេសចរនៅរដ្ឋនេះ តែងចូលចិត្តទៅមើលផ្ទាល់នូវទិដ្ឋភាពដ៏គ្រោះថ្នាក់ ប៉ុន្តែអស្ចារ្យបែបនេះនៅឧទ្យានជាតិភ្នំភ្លើងហាវ៉ៃ ហើយជារឿយៗ មានមនុស្សម្នារាប់រយរាប់ពាន់នាក់នាំគ្នាមើលតាមការផ្សាយផ្ទាល់ដ៏ពេញនិយម ដែលបង្កើតឡើងដោយទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក៕


