ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk កាលពីថ្ងៃសុក្រ (២២ សីហា) បានរិះគន់ថា ការកើតឡើងនៃគ្រោះទុរ្ភិក្សនៅភាគខាងជើងដែនដីហ្កាហ្សា គឺជា "លទ្ធផលផ្ទាល់នៃសកម្មភាពរបស់អ៊ីស្រាអែល" ហើយព្រមានថា ការស្លាប់ដោយសារភាពអត់ឃ្លានអាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។
ក្នុងសេចក្តីថ្លែងការណ៍នៅសន្និសីទសារព័ត៌មានទីក្រុងហ្សឺណែវ លោក Turk បានលើកឡើងដោយសំដៅលើរបាយការណ៍ពីក្រុមឃ្លាំមើលភាពអត់ឃ្លានសកលថា៖ «គ្រោះទុរ្ភិក្សដែលបានប្រកាសក្នុងហ្កាហ្សា ដោយទីភ្នាក់ងារចាត់ចែងដំណាក់កាលសន្តិសុខស្បៀងរួម (IPC) គឺជាលទ្ធផលផ្ទាល់នៃសកម្មភាពដែលធ្វើឡើងដោយរដ្ឋាភិបាលអ៊ីស្រាអែល។

លោកបន្ថែមថា "បែបនេះគឺជាឧក្រិដ្ឋកម្មសង្រ្គាម ដោយប្រើភាពអត់ឃ្លានជាវិធីសាស្រ្តសង្គ្រាម ហើយការស្លាប់ជាលទ្ធផល ក៏អាចស្មើនឹងឧក្រិដ្ឋកម្មសង្រ្គាមនៃការសម្លាប់ដោយចេតនាផងដែរ"។
ជិតពីរឆ្នាំចាប់តាំងពីយុទ្ធនាការយោធារបស់អ៊ីស្រាអែលមក ភាពអត់ឃ្លានត្រូវបានបញ្ជាក់ផ្លូវការជាលើកដំបូងនៅក្នុងផ្នែកខ្លះនៃតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ ដោយស្ទើរតែមួយភាគបួននៃប្រជាជនសរុបក្នុងដែនដីនេះ ប្រឈមភាពអត់ឃ្លានធ្ងន់ធ្ងរ នេះបើតាមទីភ្នាក់ងារ IPC ដែលជាអង្គភាពឃ្លាំមើលភាពអត់ឃ្លានសកលដ៏សំខាន់ ដែលធ្វើការជាមួយអង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយផ្សេងទៀត។
ទីភ្នាក់ងារយោធាអ៊ីស្រាអែលសម្របសម្រួលជំនួយ ឈ្មោះ COGAT បានចោទប្រកាន់ក្រុមហាម៉ាស ថាប្រើ "យុទ្ធនាការបង្អត់អាហារមិនពិត" ហើយបាននិយាយថា អង្គការសហប្រជាជាតិ និងអ្នកដទៃទៀត កំពុងផ្សព្វផ្សាយការអះអាងដែលគ្មានមូលដ្ឋាន ទាក់ទងនឹងភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា៕

