រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយនៅថ្ងៃសៅរ៍ (២៣ សីហា) នេះថា ការចរចាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន កំពុងតែបន្តយ៉ាងស្វិតស្វាញ ប៉ុន្តែមានបន្ទាត់ដែលទីក្រុងញូវដេលី ត្រូវការពារ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលពន្ធបន្ថែមដ៏ខ្ពស់របស់សហរដ្ឋអាមេរិក នឹងកើតឡើងលើឥណ្ឌា។
ទំនិញឥណ្ឌា ប្រឈមនឹងពន្ធបន្ថែមរបស់អាមេរិក សរុបរហូតដល់ ៥០% ក្នុងចំណោមអត្រាខ្ពស់បំផុតមួយដែលក្រុងវ៉ាស៊ីនតោនបានកំណត់ ដោយសារតែឥណ្ឌា ទិញប្រេងពីរុស្ស៊ី។ ពន្ធគយ ២៥% ចូលជាធរមានរួចមកហើយ ខណៈអត្រា ២៥% ដែលនៅសល់ ត្រូវកំណត់ឱ្យអនុវត្តចាប់ពីថ្ងៃទី២៧ ខែសីហា ដ៏ឆាប់ខាងមុខ។ ដំណើរទស្សនកិច្ចដែលបានគ្រោងទុក ដោយអ្នកចរចាពាណិជ្ជកម្មអាមេរិក ទៅទីក្រុងញូវដែលី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ត្រូវបានលុបចោល ដោយហាក់បំផ្លាញសង្ឃឹមដែលថា ការយកពន្ធអាចត្រូវបានបន្ទាប ឬពន្យារពេល។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយក្នុងព្រឹត្តិការណ៍សេដ្ឋកិច្ចក្នុងទីក្រុងញូវដែលីថា "ឥណ្ឌាមានបន្ទាត់ក្រហមមួយចំនួនក្នុងការចរចាកំពុងបន្ត ដែលត្រូវតែរក្សា និងការពារ" ដោយសំដៅដល់ផលប្រយោជន៍របស់កសិករ និងអ្នកផលិតតូចតាចរបស់ប្រទេស។
កិច្ចពិភាក្សាពាណិជ្ជកម្មរវាងឥណ្ឌា-អាមេរិក បានដួលរលំកាលពីដើមឆ្នាំនេះ ដោយសារតែឥណ្ឌា មិនយល់ព្រមបើកវិស័យកសិកម្ម និងទឹកដោះគោដ៏ធំរបស់ខ្លួន។ ពាណិជ្ជកម្មទ្វេភាគីរវាងមហាអំណាចសេដ្ឋកិច្ចធំជាងគេទី១ និងទី៥ របស់ពិភពលោកនេះ មានតម្លៃជាង ១៩០ពាន់លានដុល្លារ៕

