សារព័ត៌មានរដ្ឋរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីនការពារដែនអាកាសថ្មីចំនួន ២គ្រាប់ ហើយការបាញ់សាកល្បងនេះបង្ហាញថា អាវុធមួយនេះមាន“សមត្ថភាពប្រយុទ្ធដ៏អស្ចារ្យ” ។
សេចក្តីរាយការណ៍នៅថ្ងៃអាទិត្យនេះ បានកើតមានឡើង រយៈពេល ១ថ្ងៃប៉ុណ្ណោះ មុនពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជួបសមភាគីកូរ៉េខាងត្បូងលោក Lee Jae-myung នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង(KCNA) រាយការណ៍ថា ការធ្វើតេស្តដែលបានកើតឡើងកាលពីថ្ងៃសៅរ៍បញ្ជាក់ថា មីស៊ីលបង្ហាញពីការ“ឆ្លើយតបរហ័ស”ចំពោះគោលដៅអាកាសដូចជាការវាយប្រហារយានដ្រូន និងមីស៊ីលតម្រង់គោលដៅ ។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍នេះ ពុំបានពន្យល់លម្អិតពីមីស៊ីលនោះឡើយ ដោយគ្រាន់តែនិយាយថា ប្រតិបត្តិការរបស់វា និងរបៀបប្រតិកម្មរបស់វាផ្អែកលើបច្ចេកវិទ្យាពិសេសដ៏អស្ចារ្យ ។ ពួកគេពុំបាននិយាយដូចគ្នាពីទីតាំងធ្វើតេស្តប្រព័ន្ធមីស៊ីលថ្មី ។
ការបាញ់សាកល្បងខាងលើ បានកើតមានឡើងផងដែរ ស្របពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបន្តសយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ពួកគេ ហើយស្របពេលដែលយោធាកូរ៉េខាងត្បូងប្រកាសថា ខ្លួនបានបាញ់ព្រមានលើទាហានកូរ៉េខាងជើងជាច្រើននាក់ដែលឆ្លងចូលតំបន់ព្រំដែនរបស់ខ្លួនកាលពីថ្ងៃអង្គារកន្លងទៅ ៕
