កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បានជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shigeru Ishiba នៅទីក្រុងតូក្យូ សម្រាប់កិច្ចប្រជុំដែលពួកគេបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសជិតខាងទាំង ២ ដែលជំនួបនេះដែរ បានធ្វើឡើងមុនពេលលោក Leeជួបប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីឡើងកាន់តំណែងកាលពីខែមិថុនា លោក Lee និងលោក Ishiba បានពិភាក្សាពីទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខជិតស្និតជាងមុនជាមួយសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងត្រីភាគីដែលបានចុះហត្ថលេខាដោយអ្នកឡើងកាន់តំណែងមុនរបស់ពួកគេ ។
អំឡុងជំនួបនោះ លោក Ishiba និយាយថា ការអភិវឌ្ឍទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងប្រទេសពួកយើង នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំង ២ និងតំបន់ទាំងមូលផងដែរ ។ លោកមានជំនឿផងដែរថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកូរ៉េខាងត្បូង ហើយនិងសហរដ្ឋអាមេរិក ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ។
ជ័យជំនះនៅការបោះឆ្នោតមុនកាលកំណត់សម្រាប់លោក Leeបន្ទាប់ពីការចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកនោះ បង្កឲ្យមានក្តីបារម្ភនៅក្នុងទីក្រុងតូក្យូថា ទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល អាចនឹងធ្លាក់ចុះ ។ លោក Leeធ្លាប់បានរិះគន់ដល់កិច្ចខិតខំកាលពីមុនក្នុងការធ្វើឲ្យល្អប្រសើរឡើងទំនាក់ទំនងជាប់គាំងដោយសារភាពអាក់អន់ចិត្តចំពោះការគ្រប់គ្រងអាណានិគមឆ្នាំ ១៩១០-១៩៤៥របស់ជប៉ុនលើឧបទ្វីបកូរ៉េ ៕
