ប្រភពវេជ្ជសាស្រ្តនិយាយប្រាប់កាសែត Al Jazeeraថា ជនប៉ាឡេស្ទីនយ៉ាងហោច ៦៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទូទាំងតំបន់ហ្កាហ្សា ស្របពេលដែលកងកម្លាំងអ៊ីស្រាអែល រុលចូលកាន់តែជ្រៅទៅក្នុងទីក្រុងហ្កាហ្សា ដែលជាផ្នែកមួយនៃកិច្ចខិតខំរបស់ពួកគេក្នុងការដណ្តើមគ្រប់គ្រងទីក្រុងមួយនេះ ហើយនិងជម្លៀសទាំងបង្ខំមនុស្សប្រហែល ១លាននាក់ ។
កាសែត Al Jazeera ទទួលបានរូបភាពវីដេអូឃ្លីបកាលពីថ្ងៃសៅរ៍ឃើញរថក្រោះអ៊ីស្រាអែលរុលទៅមុខចូលទៅក្នុងសង្កាត់ Sabra ស្ថិតក្នុងទីក្រុងហ្កាហ្សា ដែលបង្ហាញពីការសញ្ញានៃការពង្រីកការវាយប្រហាររបស់ពួកគេនៅតំបន់នោះ ។

សង្កាត់ Sabra ស្ថិតនៅជិតសង្កាត់រងការឡោមព័ទ្ធ Zeitoun ដែលបានក្លាយជាគោលដៅវាយប្រហារកើនឡើងដោយកងទ័ពអ៊ីស្រាអែល ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ។
ប្រភពវេជ្ជសាស្រ្តនៅមន្ទីរពេទ្យ al-Ahli ស្ថិតក្នុងទីក្រុងហ្កាហ្សា និយាយប្រាប់កាសែត Al Jazeera ថា កុមារម្នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកចុងក្រោយរបស់អ៊ីស្រាអែលលើសង្កាត់ Sabra ។
កាលពីព្រឹកថ្ងៃសៅរ៍ អ៊ីស្រាអែលបានផ្លោងគ្រាប់កាំភ្លើងធំលើសំពត់តង់ដែលជាជម្រករបស់គ្រួសារជម្លៀសខ្លួននៅតំបន់ Asdaa ស្ថិតនៅភាគពាយ័ព្យទីក្រុងភាគខាងត្បូង Khan Younis ដោយបានសម្លាប់មនុស្ស ១៦នាក់ រួមទាំងកុមារ ៦នាក់ផងដែរ ។
ដោយឡែក ជនប៉ាឡេស្ទីនយ៉ាងហោច ២២នាក់ ត្រូវបានសម្លាប់ អំឡុងពេលស្វែងរកជំនួយមនុស្សធម៌នៅទូទាំងតំបន់ រយៈពេញមួយថ្ងៃកន្លងមកនេះ រួមទាំងជនប៉ាឡេស្ទីនដែលត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅទីតាំងចែកចាយជំនួយស្ថិតនៅភាគអាគ្នេយ៍ទីក្រុង Khan Younis ៕
