បាល់ទាត់៖ ក្រុមអេហ្ស៊ីប និងនីហ្សេរីយ៉ាបានឈានឡើងវគ្គ ១៦ក្រុមចុងក្រោយហើយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations។ ប្រកួតចុងក្រោយនៅក្នុងពូល D អេហ្ស៊ីបបានយកឈ្នះក្រុមស៊ូដង់ ១-០ ដោយគ្រាប់បាល់ ១គ្រាប់គត់ក្នុងការប្រកួតសំរេចបានដោយ Mohamed Abdelmonem តែតបញ្ចូលទីនៅនាទីទី៣៥។

ខ្សែប្រយុទ្ធ Liverpool, Mohamed Salah ក៏មានវត្តមានក្នុងការប្រកួតនេះតែគ្មានសំណាង បន្ទាប់ពីមានឱកាសតែជួយបានដោយអ្នកចាំទីស៊ូដង់។ ជ័យជំនះនេះអេហ្ស៊ីបមាន ៦ពិន្ទុពីការប្រកួត ៣លើកបញ្ចប់ការប្រកួតក្នុងពូលចំណាត់ថ្នាក់លេខ ២ ឡើងវគ្គ ១៦ក្រុមចុងក្រោយជួបជាមួយក្រុមលេខ ១ នៅក្នុងពូល E ដែលត្រូវប្រកួតយប់នេះ។ ចំណែកស៊ូដង់ដែលធ្លាប់ជាជើងឯកនៅឆ្នាំ១៩៧០ បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ជាលើកដំបូងរាប់ពីឆ្នាំ២០១២ បានត្រឹមចំណាត់ថ្នាក់លេខ ៣ ក្នុងពូលមានតែ ១ពិន្ទុ។

ងាកមកមួយប្រកួតទៀតនៅក្នុងពូល D នេះនីហ្សេរីយ៉ាបញ្ចប់ពូលក្នុងនាមជាក្រុមលេខ ១ ក្រោយលេង ៣ប្រកួតឈ្នះទាំងបី។ ប្រកួតចុងក្រោយក្នុងពូលក្រុមជើងឯក ៣សម័យនីហ្សេរីយ៉ាបានយកឈ្នះក្រុមហ្គីណេប៊ីសាវ ២-០ ដោយគ្រាប់បាល់របស់ Umar Sadiq ក្រោយទទួលបាល់បញ្ជូនរបស់ Kelechi Iheanacho ខណៈគ្រាប់ទីពីរធ្វើបានដោយប្រធានក្រុម William Troost-Ekong។ នីហ្សេរីយ៉ាក្នុងនាមក្រុមលេខ ១ ក្នុងពូល D នេះនឹងត្រូវឡើងវគ្គ ១៦ក្រុមចុងក្រោយជួបជាមួយក្រុមលេខ ៣ ល្អបំផុតមកពីពូល B, E រឺ F៕
អត្ថបទ៖នាង សុភាវុធ