ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយកាលពីថ្ងៃសៅរ៍ថា លោកនឹងមិនព្រមផ្តល់ដីដល់រុស្ស៊ីនោះឡើយ ស្របពេលដែលលោកប្រារព្ធទិវាទង់ជាតិ ។
កាលពីថ្ងៃសុក្រកន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើការគំរាមកំហែងជាថ្មីម្តងទៀត ក្នុងការដាក់ទណ្ឌកម្មរុស្ស៊ី បើសិនជាពុំមានវឌ្ឍនភាពណាមួយឆ្ពោះទៅរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែនទេនោះ ក្នុងរយៈពេល ២សប្តាហ៍ទៀត ដោយលោកបង្ហាញការខកចិត្តចំពោះទីក្រុងម៉ូស្គូ រយៈពេល ១សប្តាហ៍ ក្រោយជំនួបរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅរដ្ឋ Alaska ។

លោក Zelenskiy និយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីកំពុងធ្វើអ្វីគ្រប់បែបយ៉ាងដែលពួកគេអាចការពារជំនួបរវាងរូបលោក និងលោក Putin ស្របពេលដែលរដ្ឋមន្រ្តីការបទេសរុស្ស៊ី និយាយថា របៀបវារៈសម្រាប់ជំនួបបែបនេះ មិនទាន់រួចរាល់នោះទេ ។
លោក Zelenskiy បានធ្វើការអំពាវនាវម្តងហើយម្តងទៀតឲ្យលោក Puinជួបរូបលោក ដោយលោកនិយាយថា មានតែផ្លូវចរចាមួយទេ ទើបអាចបញ្ចប់សង្រ្គាមបាន ។
សូមបញ្ជាក់ថា ការប្រារព្ធទិវាទង់ជាតិ ត្រូវបានរៀបចំឡើងរយៈពេល ១ថ្ងៃ មុនទិវាឯករាជ្យជាតិអ៊ុយក្រែន ហើយត្រូវបានចូលរួមដោយក្រុមមន្រ្តីកំពូលៗជាច្រើនរបស់ប្រទេសមួយនេះ ៕
