ក្រុមជួយសង្រ្គោះគាំទ្រដោយគ្រឿងចក្រ និងក្រុមស្ម័គ្រចិត្តកាកបាទក្រហម បន្តប្រតិបត្តិការរុករករបស់ពួកគេនៅតាមកម្ទេចកម្ទីក្នុងរដ្ឋធានីប្រទេសហ្គីណេ ស្របពេលដែលចំនួនមនុស្សស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ ១៦នាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីយប់កន្លងទៅ បណ្តាលឲ្យបាក់ចំហៀងភ្នំធ្វើឲ្យកប់ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនៅក្នុងស្រុក Manéah ។
ក្រុមស្ម័គ្រចិត្តកាកបាទក្រហម បានរកឃើញសាកសពមនុស្សម្នាក់ពីគំនរបាក់បែកក្រោមការត្រួតពិនិត្យពីកងទ័ព ។

នៅក្នុងចំណោមអ្នករស់រានគឺជាលោក Mory Kourouma ដែលទទួលបានព័ត៌មានដ៏ទុក្ខក្រៀមក្រំនេះ ពេលដែលគាត់ធ្វើដំណើរទៅកាន់ប្រទេសហ្គីណេ-ប៊ីសូ ។
ខណៈឈរជិតកន្លែងរងគ្រោះ លោក Kourouma និយាយថា ពួកគេបានទូរស័ព្ទមករូបលោក ខណៈពេលពេលដែលលោកនៅប្រទេសហ្គីណេ-ប៊ីសូ ។ ពួកគេទូរស័ព្ទប្រាប់លោកថា បំណាក់ដីបានបាក់សង្កត់លើគ្រួសាររបស់លោកស្លាប់អស់ហើយ ។
លោកបន្តថា លោកបាត់បង់មនុស្ស ៧នាក់ រួមទាំងភរិយារបស់លក កូន ២នាក់របស់លោក ប្អូនប្រុសភរិយារបស់លោក និងកុមារជិតខាង ២នាក់ទៀត ។
ប្រទេសហ្គីណេ ដូចគ្នានឹងប្រទេសជាច្រើនទៀតដែរនៅអាហ្វ្រិកខាងលិច ប្រឈមនឹងទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរកើនឡើង អំឡុងរដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា ៕
