ប្រភពការទូតបារាំងនិយាយកាលពីថ្ងៃសៅរ៍ថា បារាំងបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីតាលី ក្រោយឧបនាយករដ្ឋមន្រ្តីអ៊ីតាលី ជំទាស់នឹងប្រធានាធិបតីបារាំងសម្រាប់ការលើកឡើងថា ទាហានអឺរ៉ុប ត្រូវដាក់ពង្រាយទៅកាន់អ៊ុយក្រែន នៅក្នុងដំណោះស្រាយក្រោយសង្រ្គាម ។
ពេលសួរកាលពីដើមសប្តាហ៍នេះ ក្នុងការធ្វើសេចក្តីអត្ថាធិប្បាយចំពោះការអំពាវនាវរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macroឲ្យដាក់ពង្រាយទាហានអឺរ៉ុបទៅកាន់អ៊ុយក្រែន ក្រោយដំណោះស្រាយណាមួយជាមួយរុស្ស៊ី ឧបនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Salvini បានប្រើប្រាស់ឃ្លាគ្រាមភាសាក្រុង Milan ដែលប្រែមកថា “វង្វេង” ។

លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានដោយចង់សំដៅលើលោក Macronថា អ្នកទៅទីនោះ បើសិនជាអ្នកចង់ទៅ ។ ពាក់មួករបស់អ្នក ពាក់អាវរបស់អ្នក ស្ពាយកាំភ្លើងរបស់អ្នក ហើយអ្នកទៅអ៊ុយក្រែន ។
លោក Salvini ដែលជាមេដឹកនាំប្រជានិយមរបស់គណបក្សសម្ព័ន្ធនិយមស្តាំ ហើយនិងជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអ៊ីតាលីនៅក្នុងរដ្ឋាភិបាលអភិរក្សនិយម ជាតិនិយមដឹកនាំដោយលោកស្រី Giorgia Meloni ដែរនោះ បានរិះគន់ម្តងហើយម្តងទៀតលើលោក Macron ជាពិសេសជុំវិញបញ្ហាអ៊ុយក្រែន ។
ប្រភពការទូត បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតអ៊ីតាលី ត្រូវបានកោះហៅកាលពីថ្ងៃសុក្រ ធ្វើឲ្យវាក្លាយជាការប៉ះទង្គិចគ្នាផ្នែកការទូតចុងក្រោយគេក្នុងចំណោមការប៉ះទង្គិចគ្នារវាងទីក្រុងប៉ារីស និងទីក្រុងរ៉ូម ទាំងមុន និងក្រោយលោកស្រី Meloni ឡើងកាន់តំណែង កាលពីឆ្នាំ ២០២២ ។
លោក Macron ដែលជាអ្នកគាំទ្រឥតសំចៃមាត់របស់អ៊ុយក្រែន ជុំវិញសង្រ្គាមរបស់ពួកគេជាមួយរុស្ស៊ី បានធ្វើការជាមួយក្រុមមេដឹកនាំពិភពលោកដទៃទៀត ជាពិសេសនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer ដើម្បីប្រមែលប្រមូលការគាំទ្រសម្រាប់អ៊ុយក្រែន ក្នុងករណីមានបទឈប់បាញ់ ៕
