សេវាសារព័ត៌មានរបស់រោងចក្រនេះ បានរាយការណ៍នៅអាទិត្យនេះថា ការវាយប្រហារដោយយានដ្រូន អ៊ុយក្រែនដែលបានបង្កឲ្យមានអគ្គិភ័យឆេះភ្លាមៗ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Kursk បានធ្វើឲ្យ ខូចខាតដល់ឧបករណ៍បំលែងថាមពលមួយ និងនាំឲ្យមានការថយចុះនូវសមត្ថភាពប្រតិបត្តិការ នៅអង្គភាពមួយរបស់រោងចក្រនេះ។
សេវាកម្មសារព័ត៌មាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram ថា៖«យានដ្រូប្រយុទ្ធមួយគ្រឿងដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស នៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Kursk»។

«នៅពេលស្ទាក់ចាប់បាន យានដ្រូននោះ បានផ្ទុះ ដែលបានបណ្តាលឲ្យខូចខាតដល់ឧបករណ៍បំលែងថាមពលមួយ»។
សេវាសារព័ត៌មាន បានបន្ថែមថា ពុំមានអ្នករងរបួសនោះទេ ប៉ុន្តែដោយការវាយប្រហារដោយយានដ្រូននោះ អង្គភាពទី៣នៃរោងចក្រនុយក្លេអ៊ែរនេះ ត្រូវបានកាត់បន្ថយសមត្ថភាពរហូតដល់ ៥០ភាគរយ។ សេវាសារព័ត៌មាន បាននិយាយថា យន្តហោះដ្រូនដែលត្រូវបានបំផ្លាញក៏បានបង្កឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលត្រូវបានពន្លត់ ចាប់តាំងពីពេលភ្លាមៗនោះ។
