ភ្នំពេញ៖ ក្រុមវិនិយោគិនថៃធំៗជាច្រើន ភាគច្រើនមានបំណងវិនិយោគលើវិស័យសហគ្រាសធុនតូច និងមធ្យម និងវិស័យឧស្សាហកម្ម បានពន្យាពេលនៃការចុះសិក្សាគម្រោងវិនិយោគរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈមេរោគបំលែងថ្មី អូមីក្រុងបានផ្ទុះឡើង ។
លោក សម្បត្តិ សុធា ប្រធានសមាគមក្រុមប្រឹក្សាធុរកិច្ចកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ថ្លែងលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី២០ ខែ មករា នេះថា តាមរយៈ ក្រុមប្រឹក្សា ធុរកិច្ចកម្ពុជា គឺមានសមាគមធំៗរបស់ថៃចំនួនពីរ បានត្រៀមខ្លួនដើម្បីចុះមកសិក្សាគម្រោងវិនិយោគនៅកម្ពុជា ដែលគ្រោង នឹងចុះមក នៅក្នុងខែមករា ឆ្នាំ ២០២២ នេះ ប៉ុន្តែដោយសារការផ្ទុះឡើងនៃមេរោគបំលែងខ្លួន (អូមីក្រុង) ក្រុមធុរកិច្ច ទាំងនោះត្រូវបានពន្យា ពេលទៅវិញ ។
លោក បន្តថា ក្រុមធុរកិច្ចថៃទាំងនោះ នៅតែរង់ចាំពេលវេលាចុះមកកម្ពុជា ដើម្បីសិក្សាអំពីគម្រោងវិនិយោគរបស់ខ្លួន ជាពិសេសការវិនិយោគលើវិស័យសហគ្រាសធុនតូច និង មធ្យម, វិស័យឧស្សាហកម្ម និងការពង្រីកបន្ថែមលើអាជីវកម្មដែលមានស្រាប់ ដើម្បីជម្រុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការពង្រីកបណ្តាញអាជីវកម្មរបស់គូភាគី, ការលើកស្ទួយឱកាសធុរកិច្ច ដើម្បីបង្កើនការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យមានភាព ប្រសើរឡើងវិញ ។
ជុំវិញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃវិញ, នាពេលកន្លងមកនេះ លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានកំណើនកើនឡើងគួរជាទីកត់សម្គាល់, ក្នុងនោះចំពោះលំហូរទំនិញ នៃប្រទេសទាំងពីរ បានកំពុងប្រព្រឹត្តទៅដោយរលូន។
សូមបញ្ជាក់ថា៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ មានទំហំទឹកប្រាក់ប្រមាណជាង៣ ៤០០ លានដុល្លារអាមេរិក កើនឡើងជាង ៧ភាគរយ ដោយក្នុងនោះកម្ពុជា បាននាំចេញ មានតម្លៃជាង ៣១៩ លានដុល្លារ ថយចុះជាង ៤៨ភាគរយ ខណៈការនាំចូលមានទំហំទឹកប្រាក់ជាង ៣ ០០០ លានដុល្លារ កើនឡើង ជាង ២០ភាគរយ បើធៀបរយពេលដូចគ្នាឆ្នាំ២០២០៕ អត្ថបទ៖ សុន រ៉ាឌី

