អ៊ុយក្រែន បានបើកការវាយប្រហារដោយយានដ្រូនទៅលើប្រទេសរុស្ស៊ី នៅថ្ងៃអាទិត្យនេះ ដោយបង្កឲ្យ មានអគ្គិភ័យឆេះនៅរោងចក្រថាមពលនុយក្លេអ៊ែរ ខណៈដែលបានប្រារព្ធទិវាឯករាជ្យរបស់ខ្លួន នៅពេលក្តីសង្ឃឹមបានបាត់បង់ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព នាពេលថ្មីៗនេះ។
បន្ទាប់ពីមានការរង្គោះរង្គើផ្នែកការទូត និងការជំរុញដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ឲ្យរៀបចំកិច្ចប្រជុំកំពូលរវាងសមភាគីរុស្ស៊ី និងអ៊ុយក្រែន ក្តីរំពឹងចំពោះសន្តិភាព បានធ្លាក់ចុះកាលពីថ្ងៃសុក្រ នៅពេលដែលរុស្ស៊ី បានច្រានចោលរាល់ជំនួបភ្លាមៗ រវាងលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងលោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky)។
សង្រ្គាមរយៈពេល ៣ ឆ្នាំកន្លះ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ បានឈានទៅដល់ការជាប់គាំងជាក់ស្តែង បើទោះបីជារុស្ស៊ី បានប្រឹងប្រែងបង្កើនការវាយលុកយ៉ាងខ្លាំងក្លានាពេលថ្មីៗនេះ រួមទាំងអះអាងថា បានកាន់កាប់ភូមិចំនួនពីរ នៅក្នុងតំបន់ Donetsk ភាគខាងកើត កាលពីថ្ងៃសៅរ៍។
នៅថ្ងៃអាទិត្យនេះ អ៊ុយក្រែន បានវាយបកវិញដោយយានដ្រូនទៅលើទឹកដីរុស្ស៊ី ដោយក្នុងនោះយានដ្រូនមួយគ្រឿង ដែលត្រូវបានបាញ់ទម្លាក់ ពីលើរោងចក្រថាមពលនុយក្លេអ៊ែរ Kursk នៅភាគខាងលិចប្រទេសរុស្ស៊ី ដែលបានបំផ្ទុះ នៅពេលស្ទាប់ចាប់បាន និងបង្កឲ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ នេះបើយោងតាមការឲ្យដឹងពីរោងចក្រនេះ។