ខេត្តជាប់សមុទ្រ Hainan និង Guangdong របស់ប្រទេសចិនភាគខាងត្បូង បានអនុវត្តវិធានការប្រុងប្រយ័ត្នជាច្រើន កាលពីចុងសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលអាចកើតមាននៃព្យុះទីហ្វុង Kajiki រួមទាំងអំពាវនាវឲ្យទូកនេសាទ ទៅកាន់ទីជម្រក ការផ្អាកប្រតិបត្តិការដឹកជញ្ជូនសាធារណៈ និងការបិទកន្លែងមានទេសភាពស្អាតនៅតាមតំបន់ឆ្នេរសមុទ្រ ជាបណ្តោះអាសន្ន។

ព្យុះទីហ្វុង Kajiki ដែលជាខ្យល់ព្យុះទី ១៣ នៃឆ្នាំនេះ បានបោកបក់យ៉ាងខ្លាំង នៅព្រឹកថ្ងៃអាទិត្យនេះ ជាមួយនឹងល្បឿនខ្យល់អតិបរមារបស់វាគឺ(៣២,៧- ៣៦, ៩ ម៉ែត្រក្នុងមួយវិនាទី) ។ បច្ចុប្បន្នខ្យល់ព្យុះនេះ កំពុងធ្វើដំណើរ ទៅទិសខាងលិច និងភាគពាយព្យ ក្នុងល្បឿនប្រហែល ២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ជាមួយនឹងកម្លាំងកើនឡើង ហើយត្រូវបានគេរំពឹងថា នឹងវិវឌ្ឍន៍ទៅជាព្យុះទីហ្វុងមួយដ៏គ្រោះថ្នាក់។
មជ្ឈមណ្ឌលឧតុនិយមជាតិ បានព្យាករថា ព្យុះទីហ្វុង Kajiki ត្រូវបានគេរំពឹងថា នឹងបោកបក់តាមឆ្នេរសមុទ្រពីតំបន់ Lingshui ទៅកាន់តំបន់ Ledong ក្នុងខេត្ត Hainan ចន្លោះពីរសៀលថ្ងៃអាទិត្យដល់ពេល ល្ងាច។ ម៉្យាងទៀត ព្យុះនេះ អាចបោកបក់ឆ្លងកាត់តាមឆ្នេរសមុទ្រភាគខាងត្បូងនៃខេត្តកោះនេះ មុននឹងរំកិលបន្តិចម្តងៗ ឆ្ពោះទៅឆ្នេរសមុទ្រភាគកណ្តាលនិងភាគខាងជើងនៃប្រទេសវៀតណាម។
