ក្រុមជនជាតិឃើដនៅប្រទេសស៊ីរីនៅថ្ងៃអាទិត្យនេះ បានរិះគន់ការជ្រើសរើសសមាជិកសភាអន្តរកាលថ្មីនាពេលខាងមុខថា ពុំមានលក្ខណៈប្រជាធិបតេយ្យ បន្ទាប់ពីអាជ្ញាធរ បានពន្យារពេលដំណើរការសម្រាប់តំបន់ដែលគ្រប់គ្រងដោយជនជាតិឃើដ នៅភាគខាងជើង និងភាគឦសាន។

បន្ទាប់ពីការផ្តួលរំលំមេដឹកនាំគ្រប់គ្រងអំណាចដ៏យូរលោក អាសា អាល់អាសាដ ( Bashar al-Assad) ក្នុងខែធ្នូ អាជ្ញាធរថ្មីរបស់ប្រទេសស៊ីរី បានរំលាយសភា និងអនុម័តរដ្ឋធម្មនុញ្ញបណ្តោះអាសន្នសម្រាប់ការផ្លាស់ប្តូររយៈពេល ៥ឆ្នាំ។
ការជ្រើសរើសសភាអន្តរកាលនេះ គ្រោងធ្វើ នៅខែកញ្ញា។ ស្ថាប័នក្នុងតំបន់ដែលត្រូវបានតែងតាំង នឹងជ្រើសរើសយកពីរភាគបីនៃសមាជិកសភាចំនួន ២១០រូប ហើយលោកប្រធានាធិបតី Ahmed Al-Sharaa នឹងតែងតាំងសមាជិកដែលនៅសល់។
ប៉ុន្តែមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត បាននិយាយកាលពីថ្ងៃសៅរ៍ថា ដំណើរការនេះ នឹងត្រូវបានពន្យារពេល នៅក្នុងខេត្ត SweidaដែលមានជនជាតិភាគតិចDruze រស់នៅជាច្រើន និងខេត្ត Raqqa និង Hasakah ដែលកាន់កាប់ដោយជនជាតិឃើដ ដោយលើកឡើងពី «បញ្ហាប្រឈមផ្នែកសន្តិសុខ» ហើយនិយាយថា ខ្លួនអាចបន្តដំណើរការបានតែនៅក្នុង «ទឹកដីដែលគ្រប់គ្រងដោយរដ្ឋ»។
