ក្រុមអ្នកស្រុកបាននិយាយថា យន្តហោះ និងរថក្រោះរបស់អ៊ីស្រាអែល បានវាយលុកតំបន់ភាគខាងកើត និងខាងជើងនៃទីក្រុង ហ្កាហ្សា កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ដោយបានបំផ្លាញអគារ និងផ្ទះសម្បែងជាច្រើន ខណៈក្រុមមេដឹកនាំអ៊ីស្រាអែល បានប្តេជ្ញាថានឹងបន្តការវាយលុកថ្មើរជើងបន្ថែមទៀតដែលបានគ្រោងទុកលើទីក្រុងនេះ។

សាក្សីបានរាយការណ៍ពីសំឡេងនៃការផ្ទុះឥតឈប់ពេញមួយយប់នៅក្នុងតំបន់ Zeitoun និង Shejaia ខណៈរថក្រោះបានបាញ់ផ្លោងទៅលើផ្ទះ និងផ្លូវនានាក្នុងសង្កាត់ Sabra ក្បែរនោះ ហើយអគារជាច្រើនត្រូវបានបំផ្ទុះនៅក្នុងទីក្រុង Jabalia ភាគខាងជើង។
ភ្លើងបានឆាបឆេះភ្លឺពេញមេឃបង្កឱ្យមានការភ័យស្លន់ស្លោ គ្រួសារខ្លះរត់ចេញពីទីក្រុង ហើយអ្នកខ្លះទៀតថាពួកគេសុខចិត្តស្លាប់មិនព្រមចាកចេញ។
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានត្រលប់ទៅប្រយុទ្ធនៅតំបន់ Jabalia ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីកម្ទេចផ្លូវរូងក្រោមដីរបស់ក្រុមសកម្មប្រយុទ្ធ និងពង្រឹងការគ្រប់គ្រងក្នុងតំបន់នោះ។
ប្រភពខាងលើបានបន្ថែមថា ប្រតិបត្តិការនៅទីនោះ អាចពង្រីកការប្រយុទ្ធទៅកាន់តំបន់នានាបន្ថែម ទៀតនិងរារាំងក្រុមភេរវករ ហាម៉ាស មិនឲ្យវិលត្រឡប់មកប្រតិបត្តិការនៅក្នុងតំបន់ទាំងនេះជាថ្មីទៀតបាន៕

