អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយក្នុងសេចក្ដីអត្ថាធិប្បាយដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ (២៤ សីហា) ថា រុស្ស៊ី បានធ្វើ "សម្បទានសំខាន់ៗ" រួចមកហើយឆ្ពោះទៅរកដំណោះស្រាយដែលកំពុងចរចា ក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន ហើយមានទំនុកចិត្តថា វឌ្ឍនភាពកំពុងត្រូវបានធ្វើឡើង បើទោះបីជាពុំមានសញ្ញាច្បាស់លាស់ថាជម្លោះជិតដល់ទីបញ្ចប់ក៏ដោយ។

ថ្លែងក្នុងកម្មវិធីទូរទស្សន៍ NBC លោក Vance បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើសម្បទានជាច្រើន រួមទាំងថា អ៊ុយក្រែននឹងទទួលបានការធានាសន្តិសុខ ការពារប្រឆាំងនឹងប្រតិបត្តិការយោធារបស់រុស្ស៊ី នាពេលអនាគតផងដែរ។
លោក Vance បាននិយាយថា «ភាគីរុស្ស៊ី បានធ្វើសម្បទានយ៉ាងសំខាន់ឱ្យដល់លោកប្រធានាធិបតី Donald Trump ជាលើកដំបូងក្នុងពេល ៣ឆ្នាំកន្លះនៃជម្លោះនេះ»។ លោកបន្តថា៖ «រុស្ស៊ីទទួលស្គាល់ថាពួកគេនឹងមិនអាចដំឡើងរបបអាយ៉ងក្នុងទីក្រុងគីវបានទេ ដោយនោះគឺជាតម្រូវការដ៏សំខាន់តាំងតែពីដើមដំបូងមក ហើយអ្វីដែលសំខាន់មួយទៀតនោះគឺ រុស្ស៊ីបានទទួលស្គាល់ថានឹងមានការធានាសន្តិសុខខ្លះដល់បូរណភាពទឹកដីអ៊ុយក្រែន»។
សេចក្ដីរាយការណ៍របស់សារព័ត៌មានរ៉យទ័រកាលពីសប្តាហ៍មុនបានលើកឡើងពីលក្ខខណ្ឌសន្តិភាពមួយចំនួនរបស់ទីក្រុងមូស្គូថា ដើម្បីជាថ្នូរនឹងការបញ្ចប់សង្រ្គាមរបស់រុស្ស៊ី លោក Putin ទាមទារឱ្យអ៊ុយក្រែន បោះបង់តំបន់ Donbas ភាគខាងកើតទាំងអស់របស់ខ្លួន បោះបង់មហិច្ឆតាចូលរួមជាមួយអង្គការណាតូ រក្សាភាពអព្យាក្រឹត និងមិនឱ្យមានវត្តមានកងទ័ពលោកខាងលិចក្នុងប្រទេសអ៊ុយក្រែនឡើយ៕

