អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥នេះ កម្ពុជា-ថៃ បន្តបើកកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តខេត្តប៉ៃលិន ប្រទេសកម្ពុជា ដោយកិច្ចប្រជុំលើកទី៣នេះ គឺជាសញ្ញាបង្ហាញនូវភាពវិជ្ជមាននៃកិច្ចព្រមព្រៀងបទឈប់បាញ់នៃប្រទេសទាំងពីរ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកក្កដា និងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅនៅប្រទេសម៉ាឡេស៊ី។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះលោកជំទាវម៉ាលី សុជាតា បានលើកឡើងថា កិច្ចប្រជុំជាលើកទី៣ ថ្នាក់បណ្តាភូមិភាគនេះគឺ ភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ខណៈភាគីថៃដឹកនាំដោយឧត្តមនាវីឯក អាភីឆាត សាត់ប្រាស៊ើត មេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនចន្ថាបុរី-ត្រាត របស់ថ្ងៃ។
លោកជំទាវម៉ាលី សុជាតា បានលើកឡើងថា កិច្ចប្រជុំរវាងមេភូមិភាគ៥កម្ពុជា ជាមួយនិងមេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ថាបុរី-ត្រាតនេះ គឺពិតជាមានភាពចាំបាច់បំផុត ដែលភាគីទាំងពីរ ត្រូវកសាងលើការវិវត្តភាពវិជ្ជមានទាំងនេះ ដើម្បីលើកកម្ពស់សន្តិភាព ស្ថេរភាព និងជាពិសេសការនាំមក វិញនូវប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរលើគ្រប់វិស័យ ដើម្បីជាគុណប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ(កម្ពុជា-ថៃ)។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា កិច្ចប្រជុំវិសាមញ្ញ(RBC) ដែលធ្វើឡើងជាលើកទី៣នេះដែរ ក៏ជាការបញ្ជាក់ឡើងវិញ «អំពីសារសំខាន់នៃការបន្តទំនាក់ទំនងឲ្យបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់ និងបណ្តាយោធាក្នុងភូមិភាគ និងអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរព្រមទាំងប្រឹងប្រែងក្នុងការដោះស្រាយរាល់បញ្ហា ដោយសន្តិវិធីបញ្ជៀសការប៉ះទង្គិចនានាស្របតាមស្មារតីដែលបានឯក ភាពគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលហៅកាត់ថា GBC នោះ»។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ(RBC)កាលពីលើកទី២ ដែលបានធ្វើឡើងនៅខេត្តស្រះកែវប្រទេសថៃនោះ មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា និងមេភូមិភាគទី១របស់ថៃ បានប្រកាសព្រមគ្នាដោយប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំធ្វើយ៉ាងណាស្តារប្រក្រតីភាពឡើងវិញនៅ តាមបន់ព្រំដែននៃប្រទេសទាំងពីររួមទាំងដោះស្រាយបញ្ហានៃការរាយបន្លាលួស និងសំបកកង់ឡានពីសំណាក់ទាហានថៃផងដែរ។
កិច្ចប្រជុំលើកទី២ នោះភាគីទាំងពីរក៏បានកំពុងពិចារណាក្នុងការបង្កើតគណៈកម្មាធិការមូលដ្ឋានព្រំដែន ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជន នឹងមានការអនុញ្ញាតឲ្យមេបញ្ជាការថ្នាក់មូលដ្ឋានរបស់កម្ពុជា និងថៃជួបគ្នាជារៀងរាល់សប្តាហ៍ ដើម្បីដោះស្រាយបញ្ហាកំពុងកើតមានឡើងនៅព្រំដែននៃប្រទេសទាំងពីរ៕អត្ថបទ បាន ចក់
