ព្យុះទីហ្វុង Kajiki ដ៏កំណាច បង្កការរំខានយ៉ាងទូលំទូលាយទូទាំងវៀតណាម ចិន ឡាវ និងថៃ ខណៈរំកិលជិតដល់ឆ្នេរភាគកណ្ដាលប្រទេសវៀតណាម តាមសមុទ្រចិនខាងត្បូង នៅថ្ងៃចន្ទ (២៥ សីហា) នេះ។ នៅពេលព្យុះកាន់តែកើនកម្លាំង វៀតណាមបានចាប់ផ្តើមជម្លៀសទ្រង់ទ្រាយធំជាង ៥០ម៉ឺននាក់ ពីខេត្តដូចជា Thanh Hoa, Quang Tri, Hue និង Danang ជាមួយនឹងការលុបចោលជើងហោះហើរ បិទសាលារៀន និងការរឹតបន្តឹងលើសកម្មភាពតាមសមុទ្រ។

ទីភ្នាក់ងារអាកាសធាតុវៀតណាមនិយាយថា ព្យុះទីហ្វុង Kajiki នាំយកខ្យល់ក្នុងល្បឿនដល់ ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈពេលខិតជិតឆ្នេរភាគកណ្តាលរបស់ប្រទេស ហើយត្រូវព្យាករណ៍ថា នឹងកើនកម្លាំងកាន់តែខ្លាំងក្លាថែមទៀត មុនពេលបោកបក់ដល់ដីនៅតំបន់មួយរវាងខេត្ត Thanh Hoa និង Nghe An នារសៀលថ្ងៃចន្ទនេះ។
រដ្ឋាភិបាលវៀតណាម និយាយកាលពីយប់ថ្ងៃអាទិត្យថា "នេះជាព្យុះគ្រោះថ្នាក់បំផុត" ដោយព្រមានថា ព្យុះទីហ្វុង Kajiki នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដី។ នៅប្រទេសចិន ក្នុងតំបន់កោះហៃណាន ជាពិសេសទីក្រុង Sanya មានខ្យល់បក់ក្នុងល្បឿនជាង ២៤៤គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនាំឱ្យមានការជម្លៀសអ្នកស្រុក ២ម៉ឺននាក់ និងការបិទកន្លែងទេសចរណ៍ និងការដឹកជញ្ជូនសាធារណៈ។
ជាមួយគ្នានេះ ឡាវកំពុងទប់ទល់ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ខណៈព្យុះចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាប ជាមួយនឹងផលប៉ះពាល់ដែលរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃអង្គារ ២៦ សីហា។ នៅប្រទេសថៃ ខេត្តមួយចំនួនដូចជា Nan និង Chiang Mai ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់យ៉ាងគំហុក និងភ្លៀងធ្លាក់ខ្លាំង ខណៈព្យុះកំពុងបោកបក់ឆ្លងកាត់តំបន់នេះ នាំមកនូវការរំខានដល់ការធ្វើដំណើរ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។
ព្យុះទីហ្វុង Kajiki ត្រូវចាត់ទុកជាព្យុះខ្លាំងក្លាបំផុតមួយ ដែលជះឥទ្ធិពលដល់តំបន់អាស៊ីអាគ្នេយ៍នាពេលថ្មីៗនេះ ជាមួយនឹងឥទ្ធិពលបំផ្លិចបំផ្លាញបំផុត។ វៀតណាមព្រមានថា ព្យុះ Kajiki កំណាចបំផុតនៅឆ្នាំនេះ ហើយរំពឹងថានឹងមានកម្លាំងខ្លាំងមហិមាដូចព្យុះទីហ្វុង Yagi ដែលសម្លាប់មនុស្សប្រហែល ៣០០នាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ៣,៣ពាន់លានដុល្លារ៕

