ភ្នំពេញ៖ បន្ទាប់ពីរដ្ឋមន្ត្រីបណ្តាប្រទេសអាស៊ាន បានបើកកិច្ចប្រជុំពិភាក្សាការងារគ្នាអស់រយៈពេលពេញមួយថ្ងៃមក នៅល្ងាចថ្ងៃទី១៩ ខែមករានេះ រដ្ឋមន្ត្រី និងតំណាងរដ្ឋមន្ត្រីទេសចរណ៍បណ្តាប្រទេសអាស៊ាន បានធ្វើការប្រកាសបើកទេសចរណ៍អាស៊ានជាផ្លូវការ ដែលពិធីបើកនោះ គឺបានធ្វើនៅឆ្នេរសុខា ខេត្តព្រះសីហនុ។
បើតាមប្រសាសន៍ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា នឹងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ បានថ្លែងថា ការបើកទេសចរណ៍អាស៊ាន ដើម្បីស្តារសេដ្ឋកិច្ច-សង្គមអាស៊ានឡើងវិញ នេះ អាស៊ានក៏ត្រូវធ្វើឡើងក្រោមប្រុងប្រយ័ត្ន និងមានការទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ១៩ ដោយត្រូវអនុវត្តគោលការណ៍ណែនាំអាស៊ានមួយចំនួនរួមមាន៖
១. អនុវត្តតាមគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ និងឡាប៊ែលអាស៊ាន៖ ភាពកក់ក្តៅ និងសុវត្ថិភាព (ASEAN Stamp: Warm & Safe) ដែលគោលការណ៍នេះ ដឹកនាំសម្របសម្រួលរៀបចំដោយកម្ពុជា ផងដែរ។
២. ផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ
៣. ត្រូវអនុវត្តតាមវិធានសុខាភិបាល និងស្តង់ដាប្រតិបត្តិនៃប្រទេសសមាជិកនីមួយៗ
៤. តម្កល់សុខុមាលភាពសាធារណៈនៃប្រជាជាតិអាស៊ាននីមួយជាអាទិភាព ដោយរៀនរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏បានឯកភាពគ្នាក្នុងការជំរុញឲ្យមានចលនាទេសចរណ៍ដោយចាប់ផ្តើមពីទេសចរផ្ទៃក្នុងអាស៊ាន៕ រូបអត្ថ៖ បទស៊ុម សុខជា