ការវាយប្រហាររបស់អ៊ីស្រាអែល បានត្រូវចំរដ្ឋធានីសាណា របស់យេម៉ែន កាលថ្ងៃអាទិត្យ (២៤ សីហា) ក្នុងការសងសឹកចំពោះមីស៊ីលរបស់ក្រុមហ៊ួទី ដែលបាញ់សំដៅដាក់អ៊ីស្រាអែល ដោយមន្ត្រីសុខាភិបាលហ៊ួទី និយាយថា ការវាយប្រហារនេះសម្លាប់មនុស្សយ៉ាងតិច ៦នាក់ និងបង្ករបួសជិត ៩០នាក់។

នេះជាការវាយប្រហារចុងក្រោយបំផុតក្នុងពេលជាងមួយឆ្នាំនៃប្រតិបត្តិការយោធាដោយផ្ទាល់ និងប្រតិបត្តិការវាយបកទៅមក រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហ៊ួទី ក្នុងប្រទេសយេម៉ែន ដែលជាផ្នែកមួយនៃការរីករាលដាលពីសង្គ្រាមនៅតំបន់ហ្កាហ្សា។
យោធាអ៊ីស្រាអែលនិយាយថា គោលដៅវាយប្រហារទាំងនោះរួមមានបរិវេណយោធានៅក្បែរវិមានប្រធានាធិបតី រោងចក្រថាមពលពីរកន្លែង និងមូលដ្ឋានស្តុកប្រេង។ អ្នកនាំពាក្យអាជ្ញាធរសុខាភិបាលក្រុមហ៊ួទី បាននិយាយលើបណ្ដាញសង្គម X ថា ការវាយប្រហារនោះសម្លាប់មនុស្ស ៦នាក់ និងរបួស ៨៦នាក់ ក្នុងចំនួនអ្នកស្លាប់និងរបួសចុងក្រោយ។
ចាប់តាំងពីសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ២០២៣មក ក្រុមហ៊ួទីដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានបើកការវាយប្រហារលើនាវានៅសមុទ្រក្រហម ក្នុងអ្វីដែលពួកគេហៅថាជាសកម្មភាពនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ ក្រុមហ៊ួទីនេះក៏បាញ់មីស៊ីលជាញឹកញាប់ឆ្ពោះទៅកាន់អ៊ីស្រាអែល ដែលភាគច្រើនត្រូវបានស្ទាក់ចាប់។ អ៊ីស្រាអែល ក៏តែងឆ្លើយតបវិញដោយការវាយប្រហារលើតំបន់ដែលក្រុមឧទ្ទាមនេះគ្រប់គ្រងក្នុងប្រទេសយេម៉ែន រួមទាំងកំពង់ផែ Hodeidah ដ៏សំខាន់៕


