បេសកជនពិសេសមកពីទីក្រុងសេអ៊ូលបានប្រាប់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីថ្ងៃអាទិត្យ ២៤ សីហាថា ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងត្បូងសង្ឃឹមថានឹងធ្វើឱ្យមានទំនាក់ទំនងប្រក្រតីភាពឡើងវិញជាមួយប្រទេសចិនដែលមានភាពតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានយល់ព្រមក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែប្រសើរ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បានបញ្ជូនគណៈប្រតិភូពិសេសដឹកនាំដោយអតីតប្រធានសភាលោក Park Byeong-seug ទៅកាន់ដៃគូពាណិជ្ជកម្មដ៏សំខាន់នៃប្រទេសរបស់លោក ខណៈលោក Lee ធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។ លោក Leeបានទៅដល់ ទីក្រុង Washington នៅថ្ងៃទី២៥សីហានេះ។
លោក Park បានប្រាប់លោក Wang ថាលោកសង្ឃឹមថាប្រទេសទាំងពីរនឹងធ្វើការរួមគ្នាដើម្បី បើកទ្វារឱ្យមានប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងចិន ដែលត្រូវបានតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នេះបើយោងតាមការអត្ថាធិប្បាយរបស់លោកដែលត្រូវបានផ្សាយដោយទូរទស្សន៍កូរ៉េខាងត្បូង។
ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា លោក Park បានប្រគល់លិខិតមួយច្បាប់ជូនទៅលោក Wang ពីលោក Lee ទៅកាន់ប្រធានាធិបតីចិន លោក Xi Jinping និងបានអញ្ជើញលោក Xi ទៅចូលរួមកិច្ចប្រជុំកំពូលនៃក្រុមសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្នុងខែតុលា៕

